ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ឡេង ចាន់ណាប្រធានក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធីវើល និងបក្ខពួកត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ចំនួន ៣ ករណី

60

 

សៀមរាប ៖ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការសួរនាំ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» និងបក្ខពួកចំនួន២នាក់ទៀត ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ ក្រោយកម្លាំងនគរបាលចាប់ និងបញ្ជូនទៅសាលាដំបូង។

ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួកត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ចំនួន ៣ ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វឧបករណ៍ជួញដូរ និង ៣-សម្អាតប្រាក់។ ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញថា អ្នកណាប្រព្រឹត្តខុស គឺ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបសូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជនឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីន លានស៊ីមី មើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន:

១.ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា

២.ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង

៣.ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង

៤. បក្ខពួក

ពីបទ៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ

២. មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់

៣. សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ តំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» និងបក្ខពួក២នាក់ទៀត ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។

ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ ចំពោះអំពើឆបោកដ៏ធំមួយនេះ ប៉ុន្តែកន្លងទៅបើទោះបីមានការសម្របសម្រួលពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ក៏មិនទទួលបានលទ្ធផលនោះទេ។ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួន ឧកញ៉ារូបនេះតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសចក្តីបំភ្លឺមួយដោយប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។

ការចេញប្រកាសនេះ ក៏ដោយសារមានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬ នៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយថា សម្តេចធិបតី មិនគាំទ្រ ឬ នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង