ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនជាប់ចោទ ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារខេត្តសៀមរាប

26

 

ខេត្តសៀមរាប៖ ចៅក្រមសាលាដំបូងខេត្ដសៀមរាប សម្រេចឃុំខ្លួនជនជាប់ចោទ ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីឆបោកលុយពលរដ្ឋរាប់លានដុល្លារអាមេរិក ។

បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចេញដោយលោកលិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ៖

-បានឃើញ បញ្ញត្តិមាត្រា២១៩ មាត្រា២២០ និងមាត្រា២២១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

-បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៦៩៦ អយធ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

-បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ២៩៩ (ឋ)/២៤ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ។

ដើម្បីធានាដល់ការបំពេញកិច្ចស៊ើបសួរបានល្អ៖
បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរ ម្ចាស់ក្រុមហ៊ុន ប៊ី្រនលានស៊ីធី ទីកន្លែងកំណើតនៅភូមិត្រស់ ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មេម៉ាយ មានកូនចំនួន ១នាក់។

ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

បង្គាប់ឲ្យ លោកប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនឈ្មោះខាងលើនេះជាបណ្តោះអាសន្ន ឲ្យបានសម្រេចតាមដីកាបង្គាប់នេះ ។

ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួកត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ចំនួន ៣ ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វឧបករណ៍ជួញដូរ និង ៣-សម្អាតប្រាក់។ ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញថា អ្នកណាប្រព្រឹត្តខុស គឺ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបសូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជនឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីន លានស៊ីមី មើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន:

១.ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា

២.ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង

៣.ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង

៤. បក្ខពួក

ពីបទ៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ

២. មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់

៣. សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ តំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» និងបក្ខពួក២នាក់ទៀត ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។

ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ ចំពោះអំពើឆបោកដ៏ធំមួយនេះ ប៉ុន្តែកន្លងទៅបើទោះបីមានការសម្របសម្រួលពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ក៏មិនទទួលបានលទ្ធផលនោះទេ។ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួន ឧកញ៉ារូបនេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង