ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ដ៣គឺ .កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ មន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប បានចុះសិក្សាការបម្រែបម្រួលធនធានជលផល

44


ភ្នំពេញ ៖ មួយសប្តាហ៍ពេញ គឺចាប់ពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០២៤ មន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ដែលដឹកនាំដោយ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារមន្រ្តីបច្ចេកទេស បានចុះសិក្សាការបម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងតំបន់ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង  តំបន់កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងតំបន់ផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


ក្នុងពេលចុះសិក្សានេះ ក្រុមការងារបានសម្ភាសប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា។ ការប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី ត្រូវបានកត់ត្រាទីតាំងនេសាទ (X Y) វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ វាស់គុណភាពទឹកបឋម និងពិនិត្យលើលំនៅដ្ឋានធនធានជលផលនៅរដូវប្រាំង។


ជាមួយនឹងសកម្មភាពចុះសិក្សានៅតំបន់ខាងលើ និងតំបន់ពាក់ព័ន្ធ ជាលទ្ធផលបឋមបង្ហាញថា៖ ទី១) បានរកឃើញប្រភេទត្រីចំនួន៣៨ប្រភេទ តាមរយៈការនេសាទដោយប្រើប្រាស់នូវឧបករណ៍ចំនួន៤ ប្រភេទ គឺឧបករណ៍មងអូស មងសង្រ្គប់ សំណាញ់ និងបរ។ ទី២)  ធនធានក្រៅពីត្រីមានចំនួន៧ប្រភេទ និងការប្រើប្រាស់ធនធានត្រីសម្រាប់វារីវប្បកម្មនៅក្នុងតំបន់សិក្សា។ ទី៣) ការវាស់សំណាកគុណភាពទឹកដោយឧបករណ៍ស្វ័យប្រវត្តិបឋមនៅតាមតំបន់សិក្សារួមមាន កម្រិតភាពថ្លានៃទឹក អុកស៊ីសែនរលាយក្នុងទឹក (DO) ប៉េហាស (pH) កម្រិតកម្ពស់ទឹក សីតុណ្ហភាពទឹកបឹង និងកម្រិតស្លែ និងកកររបស់ទឹកបឹង ព្រមទាំងការពិនិត្យភាពសម្បូរនៃប្លង់តុង (ប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វ)។

  សកម្មភាពចុះសិក្សាអំពីបម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តឱ្យអនុវត្តក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់នាយកដ្ឋានធនធានធម្មជាតិនៃអាជ្ញាធរទន្លេសាប ។


សកម្មភាពខាងលើនេះ មានគោលបំណងតាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍នេសាទក្នុងទីតាំងសិក្សា ធ្វើបច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្រ្តធនធានជលផលតាមប្រភេទទីជម្រក ចំណី និងបរិស្ថានទឹក (វាយតម្លៃបឋមលើគុណភាពទឹកតាមទីតាំងចុះសិក្សា) វាយតម្លៃប្រភេទធនធានជលផលនៅតាមដងទន្លេសាប (កណ្តាល-ភ្នំពេញ-កំពង់ឆ្នាំង) នៅឡូត៍ដាយត្រី និងតំបន់ពាក់ព័ន្ធ និងវាយតម្លៃលើការបំលាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្រ្តរបស់ត្រី ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង