ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ណែនាំពីការអនុវត្តវិធានការ កំណត់សម្រាប់ការប្រើប្រាស់ ស៊ីផ្លេ យានយន្តគ្រប់ប្រភេទ នៅកម្ពុជា

29

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ ចេញសេចក្ដីណែនាំស្តីពី ការអនុវត្តវិធានការ កំណត់សម្រាប់ការប្រើប្រាស់ សញ្ញាសូរសព្ទ «ស៊ីផ្លេ» ចំពោះយានយន្តគ្រប់ប្រភេទ ដែលចរាចរណ៍នៅលើដងផ្លូវ នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក «មាត្រា២៨ និងមាត្រា៣០» និងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ក្នុងគោលបំណងទប់ស្កាត់សកម្មភាព អនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។

ក្នុងសេចក្ដីណែនាំនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវយន្តការអនុវត្ត និងណែនាំដល់សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមសហការ អនុវត្តដូចខាងក្រោម៖

១. ការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឱ្យដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីសុំជែងនៅក្រៅទីប្រជុំជន ។

២. នៅពេលយប់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ត្រូវជំនួសដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យ ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងសុំជែង។

៣. សញ្ញាសូរសព្ទ «ស៊ីផ្លែ» ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ លើកលែងតែមាន ការប្រកាសអាសន្ន និងសំឡេង «ស៊ីផ្លែ” ត្រូវកំណត់ក្នុងចន្លោះពី ៩០dB(A) ទៅ ១១៥dB(A) ។

៤. សញ្ញាសូរសព្ទ «ស៊ីផ្លេខ្យល់» ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្ យ។

៥. ការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស របស់យានជំនិះ ត្រូវហាមឃាត់ ។

លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ នឹងចូលរួមអនុវត្ត តាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង