ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពង់ផែកោះទន្សាយ សម្រេចការសាងសង់៩០​%

65

កំពង់ផែកោះទន្សាយ ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានប្រាប់ឱ្យដឹងនៅថ្ងៃពុធនេះថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ដែលកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០ភាគហើយ ។

គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ អាមេរិក ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា សមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣- ២០៣៥ ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ។

លោក សោម ពិសិដ្ឋ បានបន្តឲ្យដឹងទៀតថា កំពង់ផែបែបស្តង់ដារមួយនេះ នឹងជួយរុញសក្តានុពលតាមបណ្តាកោះទាំង១២ និងថ្មប៉ប្រះទឹក១ ខេត្តកែបដែលមានឲ្យកាន់តែមមាញឹកក្នុងការទទួលស្វាគមន៍ភ្ញៀវទេសទេសចរ ហើយបន្ថែមពីនោះកំពង់ផែកោះទន្សាយនេះបានជួយឲ្យប្រជាពលរដ្ឋដែលរស់នៅលើកោះ កាន់តែងាយស្រួលក្នុងការរស់នៅ និងបានជួយផលល្អដល់សេដ្ឋកិច្ចគ្រួសារ តាមរយៈវិស័យទេសចរណ៍ ។

គួរបញ្ជាក់ដែរថា ក្រៅពីគម្រោងដែលកំពុងដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលទទួលកម្ចីពី ADB កោះទន្សាយនៃខេត្តកែប ក៏មានវិស័យឯកជនកំពុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួនផងដែរ លើផ្ទៃដីជាង ១៤០ ហិកតា នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយ និងប្រកបដោយទំនើបបែកភាពធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិទៅលម្ហែលេងកម្សាន្តនៅលើកោះទន្សាយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង