ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ត្រួតពិនិត្យលិខិតអនុញ្ញាតប្រព្រឹត្តកម្ម លិខិតអនុញ្ញាតសន្និធិ លិខិតអនុញ្ញាត ដឹកជញ្ជូនក្រៅបំពង់បង្ហូរ លិខិតអនុញ្ញាតពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈនិងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ

59

 

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្ដីពីការត្រួតពិនិត្យលិខិតអនុញ្ញាតព្រឹត្តិកម្ម លិខិតអនុញ្ញាតសន្ធិធិ លិខិតអនុញ្ញាតដឹកជញ្ជូនក្រៅបំពង់បង្ហូរលិខិតអនុញ្ញាតពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយ៍រួមប្រេងនិងឧស្ម័នឥន្ធនៈសម្រាប់ឆ្នាំ ២០២៤។

យោង៖ – ព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
– ប្រកាសលេខ ០២១៤ រថ.នក.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការធ្វើប្រតិភូកម្ម មុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹការផ្ដល់លិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែក ដោនស្ទីម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត របស់ក្រសួងរ៉ែ និងថាមពល។

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ស្ថានីយ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មនៅទូទាំងខេត្តព្រះសីហនុ ឲ្យបានជ្រាបថា៖ រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីររ៉ែ និងថាមពល ជាអង្គភាពជំនាញ នឹងចាប់ផ្តើមអនុវត្ត ចុះត្រួតនិពិត្យលិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្ទីម សម្រាប់ឆ្នាំ២០២៤មានដូចជា៖ លិខិតអនុញ្ញាតប្រព្រឹត្តកម្ម លិខិតអនុញ្ញាតសន្និធិ លិខិតអនុញ្ញាតដឹកជញ្ជូន ក្រៅបំពង់បង្ហូរ លិខិតអនុញ្ញាតពាណិជ្ជកម្ម សម្រាប់ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយ រួមប្រេង និងឧស្ម័នឥន្ធនៈនៅតាមបណ្តាស្ថានីយរបស់លោក លោកស្រី សំដៅដើម្បីធានាបាននូវសុវត្ថិភាព បរិស្ថាន ផលប្រយោជន៍សង្គម និងសេដ្ឋកិច្ច ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ដោយឡែកស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈដែល ពុំមានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពចេញដោយក្រសួងរ៉ែ និងថាមពល ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីររ៉ែ និងថាមពលជាអង្គភាព ជំនាញ នឹងអនុវត្តទៅតាមនិតិវិធីច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមលោក លោកស្រីដែលជាម្ចាស់ស្ថានីយ ទាំងអស់ សហការអនុវត្តកិច្ចការ ត្រួតពិនិត្យផ្ទៀងផ្ទាត់តាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងស្របច្បាប់ដែលបានកំណត់។

ចំពោះស្ថានីយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពចេញដោយក្រសួងរ៉ែនិងថាមពល និងដែលពុំទាន់មានលិខិតអនុញ្ញាតពាណិជ្ជកម្មសម្រាប់ស្ថានីយឫផុតសុពលភាព សូមអញ្ជើញ មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ ដែលមាន ទីតាំងស្ថិតនៅក្នុង ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (នៅរៀង រាល់ម៉ោងធ្វើការ)។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ច របស់មន្ត្រីត្រួតពិនិត្យ និងលក្ខខណ្ឌតម្រូវនានាដែលពាក់ព័ន្ធនឹងបច្ចេកទេស។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹម និងជឿកជាក់ថាលោក លោកស្រី នឹងយកចិត្តទុកដាក់ សហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង