ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជាលើវិស័យទឹកស្អាត

36

 

ភ្នំពេញ ៖ ធនាគារពិភពលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ហែម វណ្ណឌី នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងខិតខំសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG6) គឺការទទួលបានសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។ នៅក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុសាកល ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូ និងស្វាគមន៍ការគាំទ្រពីដៃគូយុទ្ធសាស្ត្រ ដូចជាធនាគារពិភពលោក។

គណៈប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Maria Angelica Sotomayor ប្រធានកម្មវិធីអនុវត្តទឹកស្អាត បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជិតស្និទ្ធជាមួយក្រសួង ដោយផ្តោតលើការពង្រឹងបញ្ញត្តិកម្ម ដើម្បីលើកកម្ពស់គុណភាពសេវាទឹកស្អាតរបស់ប្រតិបត្តិករ ពិសេសប្រតិបត្តិករទឹកស្អាតឯកជន។ លោកស្រីក៏បានអញ្ជើញមន្ត្រីជំនាញរបស់ក្រសួងឱ្យចូលរួមក្នុងវេទិកាទឹកពិភពលោកនៅកោះបាលី និងទិវាសប្តាហ៍ទឹកសិង្ហបុរី ដែលជាឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹងដ៏សំខាន់។

ក្នុងស្ថានភាពដែលកម្ពុជាមានប្រតិបត្តិករទឹកស្អាតឯកជនដ៏ច្រើន ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់នៃការរួមបញ្ចូលគ្នាក្នុងចំណោមប្រតិបត្តិករទឹកឯកជនតូចៗ និងបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតនិយតករទឹកស្អាត។

ឯកឧត្តមបានលើកឡើងថា៖ “ប្រសិនបើយើងចង់សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦នោះ រដ្ឋាករ ទឹកដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវតែពង្រីកតួនាទីរបស់ខ្លួន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវា និងគុណភាពទឹកស្អាត។“

ឯកឧត្តមក៏បានជម្រាបជូនអំពីទស្សនៈវិស័យរបស់ក្រសួងក្នុងការប្រែក្លាយទឹកស្អាតជាកាតាលីករសេដ្ឋកិច្ច ជាពិសេសសម្រាប់តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបានស្នើឱ្យធនាគារពិភពលោកផ្តល់ការគាំទ្រលើការកសាងសមត្ថភាពដល់រដ្ឋាករទឹកសាធារណៈ និងនិយតករទឹកស្អាត ដែលនឹងត្រូវបានបង្កើតឡើងនាពេលខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង