ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរកឃើញ“ការបង្កកំណើតរបស់ផ្កាថ្មជាលើកដំបូងនៅកម្ពុជា”បង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់

69

ភ្នំពេញ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
ការបង្កកំណើតរបស់ផ្កាថ្មត្រូវបានរកឃើញជាលើកដំបូងនៅសមុទ្រកម្ពុជា ដែលទាំងនេះគឺបានបញ្ជាក់ថាផ្កាថ្មនៅកម្ពុជានៅតែមានសុខភាពល្អ។
ការរកឃើញដ៏អស្ចារ្យនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់នេះ។
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាការបង្កកំណើតរបស់ផ្កាថ្មឬការបន្តពូជផ្កាថ្ម ជាធម្មតាកើតឡើងម្តងក្នុងមួយឆ្នាំនៅពេលដែលផ្កាថ្មបញ្ចេញពង និងមេជីវិតឈ្មោលក្នុងពេលតែមួយ។ រយៈពេលនៃការបញ្ចេញពងចាប់ពី២ទៅ ៣ នាទីរហូតដល់ទៅជាង១ម៉ោង អាស្រ័យលើប្រភេទផ្កាថ្ម។
គួរបញ្ជាក់ថា នាថ្មីៗមកនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដ៏រីករាយមួយ ក្រោយរកឃើញ ការបង្កកំណើតរបស់ផ្កាថ្មជាលើកដំបូងនៅសមុទ្រកម្ពុជា ខណៈ ផ្កាថ្មនៅតែមានសុខភាពល្អ។
ការរកឃើញការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ព្រមទាំងដៃគូផ្សេងទៀត។
គួរបញ្ជាក់ថាអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាសហការជាមួយរដ្ឋបាលជលផល និងក្រសួងបរិស្ថាននិងដៃគូរក្នុងស្រុក រួមមានមូលនិធិសង្សារ Bubbles Up Dive Centre បានរកឃើញនៅការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនាក្រោមការណែនាំរបស់លោក Dr Rahul Mehrotra and Aow Thai Marine Ecology Center។
ក្រុមអ្នកសា្រវជ្រាវបានឱ្យដឹងថា៖ការយល់ដឹងអំពីពេលវេលាបង្កកំណើតរបស់ផ្កាថ្មនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងផ្កាថ្ម ព្រោះវាអាចអនុញ្ញាតឱ្យអ្នកអភិរក្សប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និងវាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។ការបន្តពូជរបស់ផ្កាថ្មដ៏ធំគួរឱ្យកត់សម្គាល់ គឺជាសញ្ញាសំខាន់មួយនៃសុខភាពរបស់ថ្មប៉ប្រះទឹកហើយព្រឹត្តិការណ៍នេះបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកត្តាគំរាមកំហែងធំៗ មានដូចជា ការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យពួកវាមិនអាចបន្តពូជបាន។
ផ្កាថ្មប៉ប្រះទឹកនៅជិតឆ្នេរសមុទ្រកម្ពុជាត្រូវបានកំណត់លក្ខណៈដោយដីល្បាប់ខ្ពស់ហើយមានការប្រែប្រួលយ៉ាងខ្លាំងនៃសីតុណ្ហភាពរវាងរដូវវស្សា និងរដូវប្រាំង។ហេតុដូច្នេះ ផ្កាថ្មប៉ប្រះទឹករបស់កម្ពុជាអាចដើរតួជាជម្រកដ៏សំខាន់សម្រាប់ប្រភេទផ្កាថ្មគំរូសែន ដែលធន់នឹងកម្ដៅដែលអាចសាបព្រោះពូជផ្កាថ្មប៉ប្រះទឹកនៅកន្លែងផ្សេងទៀតក្នុងឈូងសមុទ្រថៃ។
លោក Matt Glue អ្នកជំនាញផ្នែកសមុទ្រនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាបានលើកឡើងថា “វាពិតជាការរកឃើញដ៏អស្ចារ្យ។ វាដូចជាការផ្ទុះនៃជីវិត នៅពេលដែលថ្មប៉ប្រះទឹកបានបញ្ចេញពងរាប់ពាន់ចេញមក។ផ្កាថ្មប៉ប្រះទឹកជាជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទនិងផ្តល់ប្រយោជន៍តាមរយ:ទេសចរនិងដល់សហគមន៍នេសាទនៃឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជាផងដែរ ។
លោក Anne Groeneveld, មកពី Bubbles Up DiveCentre បង្ហាញចំណាប់អារម្មណ៍ថា“ វាដូចជាការមុជទឹកក្នុងភាពយន្តឯកសារ Blue Planetា។នេះជាការរកឃើញដ៏កម្រនិងអស្ចារ្យណាស់។
ទាក់ទិនក្នុងរឿងនេះលោកស៊ន ស្រិញ ជំទប់ទី១ឃុំកោះស្តេចបានលើកឡើងថា ការបង្កកំណើតរបស់ផ្កាថ្មគឺពិតជាអស្ចារ្យណាស់ ហើយវានៅតែដិតនៅក្នុងអារម្មណ៍របស់ខ្ញុំ។ ការបង្កកំណើតរបស់ផ្កាថ្មនេះជាសញ្ញាដ៏វិជ្ជមាននៃលក្ខខណ្ឌ បរិស្ថាន អំណោយ ផល ដល់ ការរស់រាន មាន ជីវិត និង ការលូតលាស់ របស់ផ្កាថ្ម “៕.

អត្ថបទដែលជាប់ទាក់ទង