ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមសាស្រ្តាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជេីញចុះសួរសុខទុក្ខអ្នកជំងឺ ដែលរងរបួសដោយសារឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅខេត្ដពោធិ៍សាត់

67

ខេត្តពោធិ៍សាត់៖​ នារសៀលថ្ងៃសៅរ៍​ ៦រោច​ ខែផល្គុន​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះពិនិត្យ​សួរសុខទុកស្ថានភាពជំងឺរបស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ ឯកឧត្តម​សាស្ដ្រាចារ្យរដ្ឋមន្រ្តី​ បានពាំនាំប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដយ៉ាងពន់ពេកពីស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ​។ ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវថវិកាមួយចំនួនជូនដល់អ្នកជំងឺដែលរងគ្រោះក្នុងករណីខាងលើនេះ និងអ្នកជំងឺផ្សេងទៀត ដែលសម្រាកនៅបន្ទប់ជាមួយគ្នានេះផងដែរ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​សាស្រ្តាចារ្យរដ្ឋមន្ដ្រី​ បានណែនាំឱ្យថ្នាក់ដឹកនាំ​ និងមន្រ្តីសុខាភិបាលខេត្ត​ តាមដានពីស្ថានភាពនៃគ្រោះថ្នាក់នេះជាប់ជានិច្ច ដោយបានចាត់ឱ្យក្រុមការងារត្រៀមជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្ដទុកដាក់ ២៤ម៉ោង លើ​២៤ម៉ោង និងរាយការណ៍លម្អិតពីស្ថានភាពនៃជំងឺរបស់ជនរងគ្រោះ ដើម្បីស្វែងដល់ពីអ្វីដែលត្រូវបន្ដជួយជាបន្ដបន្ទាប់ ក្នុងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋដែលរងគ្រោះថ្នាក់ទាំងនេះ។

ករណីឧបទ្ទវហេតុរថភ្លើង បុកជាមួយរថយន្ដក្រុង នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល។

បច្ចុប្បន្នជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែកជនរងគ្រោះ ដែលរងរបួសស្រាល២៨នាក់ផ្សេងទៀត បាននឹងកំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ។

អត្ថបទដែលជាប់ទាក់ទង