ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញដឹកនាំប្រតិភូរដ្ឋបាលរាជធានីចុះសួរសុខទុក្ខ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតកងទ័ពឈរជើងនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែងក្នុងឱកាសចូលឆ្នាំខ្មែរ

56

ស្ទឹងត្រែង៖ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាល ខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជនក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ពចំនួន៤អង្គភាព បន្ថែមទៀត។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅ បានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតីនាយករដ្ឋមន្ត្រី ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហា បវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុង ការដោះស្រាយ និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបឈ្នះ បង្កើនធន ធានមនុស្សក្នុងជួរកងទ័ព ពង្រឹងសមត្ថភាពជំនាញ និងកសាងពង្រឹងអង្គភាពឱ្យបានរៀបរយ បង្ករលក្ខណៈឱ្យ កងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការបំពេញកិច្ចការពារបូរណភាពទឹកដី និងសហការ ការពារថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម ។ ក្នុងពេលនេះដែរសម្តេច បានជួយឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ទនៈ ដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ និងកម្ពុជា -ឡាវ ទិសអូរអាឡៃ-អូរតាង៉ាវ តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សម្រាប់ប្រើប្រាស់ ដោះស្រាយក្នុងការកសាងអង្គភាព។

លោកបន្តថា សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធ ភូមិភាគទី១ នេះជាលើកទី១៣ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញបានចុះមកសំណេះ សំណាល សួរសុខទុក្ខ ដល់ នាយទាហាន នាយទាហានរង និងពលទាហាន។ដោយឡែកសម្រាប់កងពលតូចអន្តរាមន៍លេខ១២៨ យោធភូមិភាគទី១ បានអញ្ជើញមកចំនួន ៥លើករួចមកហើយដែរ។

គួរបញ្ជាក់ថា៖ នៅមុននៃការធ្វើពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ ពោលគឺនៅរាត្រីថ្ងៃទី៣១មីនា ឯកឧត្ដមឃួង ស្រេងនិងលោកជំទាវ ព្រមទាំងប្រតិភូ បានជួបជុំហូបអាហារសាមគ្គីនិងរាំលេងតាមបែបប្រពៃណីខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីនៅក្នុងទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ យ៉ាងសប្បាយរីករាយនិងស្និតស្នាលផងដែរ។

គួរបញ្ជាក់ថា៖ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់អង្គភាពនីមួយៗ ដែលរួមមាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ដែលលាងដៃ និងថវិកាកសាងមួយចំនួន ដើម្បីប្រគល់ជូនដល់បណ្តាអង្គភាពជួរមុខនីមួយៗ ក្នុងនោះ៖ ជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ស៊ីម៉ង់ ដែក ថ្ម ខ្សាច់សរុបទឹកប្រាក់ ចំនួន ៣១.០០០$ សម្រាប់ កសាងទំនប់ទឹក ស្ថិតនៅ ភូមិសាស្ត្រមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។ ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៤០.០០០.០០០៛ សាងសង់រោងដាក់រថយន្ត សង់អាងស្តុកទឹក ស្មើនឹងថវិកាចំនួន ២៧.០៤៥$ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។

ឧបត្ថម្ភជូនវរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ ស័ង្កសី ស៊ីម៉ង់ត៍សរុបទឹកប្រាក់ចំនួន ៥.០០០$ សម្រាប់ជួសជុលអគារស្នាក់នៅរបស់នគរបាល ដែលមានសភាពចាស់ទ្រុឌទ្រោម ជាមួយនឹងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។ ឧបត្ថមយោធភូមិភាគ១ ថវិកា ចំនួន៥.០០០.០០០៛។ ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៤០.០០០.០០០៛ ម៉ាស៊ីនថតរូប១គ្រឿង និងសម្ភារៈបំពាក់បន្ថែម ស្មើនឹងទឹកប្រាក់ចំនួន ១១.០៧០.០០០៛ – ត្រាក់ទ័រ ១គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ១៣៦.៩៥០.០០០៛ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។

ឧបត្ថមជូនវរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ ។ជូនសាលាស្រុក សៀមប៉ាង ថវិកា ចំនួន ២.០០០.០០០៛ ផ្នែកសឹករង ស្រុកសៀមប៉ាង ថវិកា ចំនួន ១.០០០.០០០៛ សាលាឃុំ ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛ ប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛ វត្ត នៅស្រុកសៀមប៉ាង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛ វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ចំនួន ១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០ គីឡូក្រាមបច្ច័យ ចំនួន ៤.០០០.០០០៛៕

អត្ថបទដែលជាប់ទាក់ទង