ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្ដីពី “ជំនួយសង្គមដល់គ្រួសារក្រីក»

43

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្ដីពី “ជំនួយសង្គមដល់គ្រួសារក្រីក» ប្រព្រឹត្តទៅ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨,០០នាទីព្រឹក ដល់ម៉ោង១២,០០នាទីថ្ងៃត្រង់ ៖ សណ្ឋាគារភ្នំពេញ មហាវិថីព្រះមុនីវង្ស ក្បែរក្រសួងព័ត៌មាន (បន្ទប់ Crystal Ballroom)។

លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ( ក.អក ) បានថ្លែងជម្រាបជូនថា នៅក្នុងខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ពិសេសក្រុមគោលដៅ ដែលជាគ្រួសារងាយរងគ្រោះមានបណ្ណសមធម៌។ ប៉ុន្តែការផ្សព្វផ្សាយកម្មវិធីដ៏មានសារប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋ ហាក់ដូចជាមិនទាន់បានទូលាយនៅឡើយ។

លោកបានបន្តថា ផ្ដើមពីនោះ ក៏មានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងនូវមតិរិះគន់ផងដែរ ចំពោះអាជ្ញាធរមូលដ្ឋានពាក់ ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គម។ ដូច្នេះ កអក រៀបចំសន្និសីទសារព័ត៌មាននេះ ដើម្បីជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលាយដល់សាធារណជនជា ពិសេសក្រុមគោលដៅ ដែលជាគ្រូសារងាយរងគ្រោះមានបណ្ណសមធម៌ បានយល់ជ្រាបកាន់តែច្បាស់ថែមទៀតអំពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។
មន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច និងយុវនីតិ សម្បទា នឹងត្រូវអញ្ជើញចូលរួមជាវាគ្មិន និងបកស្រាយចម្ងល់ រួមទាំងសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។ កអក ចាត់ទុកសន្និសីទសារព័ត៌មានខាងលើនេះ ជាឱកាសសម្រាប់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀតអំពីកម្មវិធីជាតិជំនួយសង្គម ដើម្បីចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលាយដល់សាធារណជន។

វាគ្មិនដែលបានចូលរួមក្នុងវេទិកាពិភាក្សាខាងលើនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, ឯកឧត្តម ថេង បញ្ញាធនប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ, លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
មន្ត្រីជំនាញពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមជាវាគ្មិន បានបកស្រាយចម្ងល់ រួមទាំងសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន ដើម្បីបានស្វែងយល់ដឹងបន្ថែមទៀតអំពីកម្មវិធីជាតិជំនួយសង្គម ដើម្បីចូលរួមផ្សព្វផ្សាយកម្មវិធីដ៍មានសារប្រយោជន៍នេះ ឲ្យកាន់តែទូលាយដល់សាធារណជន ជាពិសេសក្រុមគោលដៅ ដែលជាគ្រួសារងាយរងគ្រោះមានបណ្ណសមធម៌បានយល់ជ្រាបកាន់តែច្បាស់ថែមទៀតអំពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង