ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា កម្រិតខ្ពស់ ស្ដីពីភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

45

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មូលនិធិវិនិយោគអាកាសធាតុ (CIF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំ “ពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគមន៍ និងសម្ព័ន្ធពាណិជ្ជកម្ម, សហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងប្រទេសចំនួន ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន៖ ប្រទេសបង់ក្លាដែស, ប្រទេសប៊ូតាន, ប្រទេសហ្វីជី, ប្រទេសឥណ្ឌា, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសកៀហ្ស៊ីស៊ី, ប្រទេសឡាវ, ប្រទេសនេប៉ាល់, ប្រទេសប៉ាពួញូហ្គីណេ, ប្រទេសហ្វីលីពីន, ប្រទេសសាម័រ, ប្រទេសតាជីគីស្ថាន, និងប្រទេសតុងហ្គា ផងដែរ។

មូលនិធិវិនិយោគអាកាសធាតុ (CIF) ជាស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់មួយ មានបេសកកម្មដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុតាមរយៈគំនិតផ្តួចផ្តើមរៀបចំ “កម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាស-ធាតុ (Pilot Program for Climate Resilience – PPCR)” និង “កម្មវិធីវិនិយោគព្រៃឈើ (Forest Investment Program – FIP)” ជាពិសេស នៅក្នុងប្រទេសដែលមានចំណូលមធ្យម និងកម្រិតទាប។ CIF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំ “កម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង ធំៗចំនួន ៤ គឺ៖ (១) ចែករំលែកចំណេះដឹង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ; (២) កសាងសមត្ថភាពលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ; (៣) កិច្ចសន្ទនាគោលនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនៈក្នុងការរៀបចំគោលនយោបាយ ដើម្បីគាំទ្រភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងដំណោះស្រាយ ផ្អែកលើធម្មជាតិ (nature-based solutions); និង (៤) លើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមនានា។

“ពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” នេះប្រព្រឹត្តិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាគន្លឹះបើកដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសសាម័រ ឯកឧត្ដម Lautimuia Afoa Uelese Vaai, នាយិកាប្រតិបត្តិនៃ CIF, លោកស្រី Tariye Gbadegesin និង លោក Warren Evans, ទីប្រឹក្សាជាន់ខ្ពស់ពិសេស ទទួលបន្ទុកលើបញ្ហាប្រែប្រួលអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍អាស៊ី ផងដែរ។

លទ្ធផល ដែលកើតចេញពីហិរញ្ញប្បទានអាកាសធាតុរបស់មូលនិធិ CIF រយៈពេល ១៥ ឆ្នាំ ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកទាំងមូលកន្លងមកនេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃអាកាសធាតុ ដែលប្រទេសនៅក្នុងតំបន់នេះបានជួបប្រទះផ្សេងៗគ្នា។ CIF បានត្រួសត្រាយផ្លូវ ដើម្បីជួយឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមាន ចីរភាព និងធន់ទៅនឹងអាកាសធាតុ តាមរយៈ៖
• ការសាងសង់ ឬការស្ដារឡើងវិញនៅផ្លូវដែលធន់នឹងអាកាសធាតុប្រវែងជិត ៣០០០ គីឡូម៉ែត្រ ក្រោមគម្រោងចំនួន ១៦ នៅក្នុងប្រទេសចំនួន ១១ ក្នុងនោះផ្លូវនៅកម្ពុជា មានប្រវែងស្មើនឹងជិតពាក់កណ្តាលនៃប្រវែងផ្លូវសរុបខាងលើ (ប្រមាណ ១៥០០គីឡូម៉ែត្រ)
• ការបង្ហាញឱ្យឃើញពីអានុភាពនៃគំរូបន្ស៊ាំទៅនឹងអាកាសធាតុនៅតាមសហគមន៍នៅក្នុងប្រទេសសាម័រ ដែលការកើនឡើងនៃកម្ពស់ទឹកសមុទ្របង្កជាការគំរាមកំហែងដល់អត្ថិភាពសហគមន៍ជារៀងរាល់ថ្ងៃ
• ការអនុវត្តសាកល្បង ការបន្ស៊ាំ ផ្អែកលើប្រព័ន្ធអេកូឡូស៊ី ដើម្បីលើកកម្ពស់សន្តិសុខទឹក និងការ កសាងសេវាព័ត៌មានអាកាសធាតុនៅក្នុងប្រទេសនេប៉ាល់
• ការបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការវិនិយោគរបស់វិស័យឯកជនលើកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងបង់ក្លាដេស
• ការបង្កលក្ខណៈ និងការពង្រីកវិសាលភាពនៃការអនុវត្តអភិក្រមគ្រប់គ្រងព្រៃឈើប្រកបដោយ ចីរភាព ដែលកន្លងមក នាំឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកជាង ៤ លានតោន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ

ក្នុងសន្ទរកថាគន្លឹះ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖
“រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និង ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១” ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព និងបានកំណត់ដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រជាក់លាក់ ចំនួន ៥, ដែលគោលដៅយុទ្ធសាស្រ្តទី ៥ គឺ៖ ការធានា ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជាក៏បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយមហិច្ឆតា ក្នុងការចូលរួមទប់ស្កាត់បញ្ហានៃការប្រែប្រួលអាកាសធាតុ ដូចបានគូសរំលេចនៅក្នុងឯកសារ «ការរួមចំណែករបស់ជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ» (Nationally Determined Contributions) និង «យុទ្ធសាស្រ្តរយៈពេលវែង សម្រាប់អព្យាក្រឹតភាពកាបូន» (Long-Term Strategy for Carbon Neutrality) ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ ២០៥០។”

លោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិ នៃមូលនិធិវិនិយោគអាកាសធាតុ បានថ្លែងថា៖
“មូលនិធិ CIF មានបទពិសោធយ៉ាងច្រើនក្នុងការសហការជាដៃគូជាមួយបណ្ដាប្រទេសនានា និងជំរុញសកម្មភាពអាកាសធាតុ តាមរយៈការវិនិយោគ ដែលកសាងភាពធន់សម្រាប់មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសដែលងាយរងគ្រោះបំផុតដោយសារកត្តាអាកាសធាតុមួយចំនួននៅក្នុងពិភពលោក។ ដោយឡែក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក យើងមានឧទាហរណ៍ដ៏ច្រើន ដែលបង្ហាញពីជោគជ័យ ក៏ដូចជាបញ្ហាប្រឈម។ ឧទាហរណ៍ទាំងនេះមិនមែនត្រឹមតែជាប្រអប់សម្រាប់ធីកប៉ុណ្ណោះទេ។ ប៉ុន្តែវាជាឧទាហរណ៍ពិតជាក់ស្ដែង ពីគម្រោងពិតប្រាកដដែលផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ជីវិតរបស់មនុស្ស។ ចំណេះដឹង បទពិសោធ និងភ័ស្តុតាងទាំងនេះ ផ្តល់ឱ្យយើងទាំងអស់គ្នាលើសពីត្រឹមការយល់ដឹងពីវិធីសាស្ត្រសម្រាប់កសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណេះដឹង បទពិសោធ និង ភ័ស្តុតាងទាំងនេះ ជួយឱ្យយើងអាចរៀនសូត្រ និងផ្ដល់ព័ត៌មានអំពីការវិនិយោគ និងអន្តរាគមន៍ដែលយើងត្រូវអនុវត្តនាពេលអនាគតនៅទីនេះ ពោលគឺនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត។”

លោក Warren Evans ទីប្រឹក្សាជាន់ខ្ពស់ពិសេស និងជាបេសកជនទទួលបន្ទុកអាកាសធាតុ នៃការិយាល័យប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា៖ “យើងជឿជាក់ថា អាស៊ីប៉ាស៊ីហ្វិក គឺជាទីកន្លែងចាញ់ ឬឈ្នះ នៃសមរភូមិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ហេតុនេះហើយទើប ADB និង CIF បានប្រឹងប្រែងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូលផងដែរ។ ខណៈពេលដែលយើងបានរៀនសូត្រច្រើនអំពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ យើងក៏ត្រូវបន្តរិះរកអភិក្រមកាន់តែប្រសើរបន្ថែមទៀត ដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគរយៈពេលវែងលើការបង្កើនភាពធន់។”
“ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍ និងមូលនិធិពហុភាគី ដែលលើកឡើងដោយវាគ្មិនរបស់យើងនៅព្រឹកនេះ ដែលអនុវត្តសកម្មភាព ស្របតាមភាពចាំបាច់នៃប្រទេសដែលយើងកំពុងអនុវត្តប្រតិបត្តិការ គឺជាការបង្ហាញដ៏ល្អឥតខ្ចោះពីភាពស្មុគស្មាញ និងភាពប្រទាក់ក្រឡាគ្នានៃការអភិវឌ្ឍអន្តរជាតិប្រកបដោយចីរភាព និងបង្ហាញឱ្យឃើញថា ការគ្រប់គ្រងចំណេះដឹង គឺជាគន្លឹះដើម្បីសម្រេចផលជះយូរអង្វែង។”

មូលនិធិវិនិយោគអាកាសធាតុ (CIF) គឺជាមូលនិធិអាកាសធាតុពហុភាគីធំជាងគេមួយ នៅក្នុងពិភពលោក បង្កើតឡើងកាលពីឆ្នាំ ២០០៨ ក្នុងគោលបំណងកៀរគរធនធានហិរញ្ញប្បទានសម្រាប់អនុវត្តដំណោះស្រាយដែលមានភាពវៃឆ្លាតផ្នែកអាកាសធាតុ ក្នុងទ្រង់ទ្រាយធំនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។ CIF គឺជាមូលនិធិអាកាសធាតុតែមួយគត់ ដែលអនុវត្តសកម្មភាពផ្តាច់មុខ តាមរយៈធនាគារអភិវឌ្ឍន៍ពហុភាគីចំនួន ៦ ដែលទទួលបានចំណាត់ថ្នាក់ AAA។ តាមរយៈការផ្ដល់ហិរញ្ញប្បទានរយៈពេលវែងក្នុងទ្រង់ទ្រាយធំ និងអស់ចំណាយតិច យើងបានកាត់បន្ថយហានិភ័យ និងចំណាយលើការវិនិយោគអាកាសធាតុ ជួយឱ្យគម្រោងដំបូងប្រភេទនេះអាចចាប់ផ្តើមអនុវត្ត និងរួមចំណែកនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។ គិតរហូតមកដល់ពេលនេះ ប្រទេសរួមភាគទានចំនួន ១៥ បានសន្យាថានឹងផ្ដល់ថវិកាគាំទ្រជាង ១២ ពាន់លានដុល្លារ ខណៈពេលដែលមូលធនដែលមានការសន្យារបស់យើង បានកៀរគរហិរញ្ញប្បទានបន្ថែមជាង ៦៤ ពាន់លានដុល្លារនៅក្នុងប្រទេសជាង ៨០ នៅទូទាំងពិភពលោក។ អភិក្រមដែលមានភាពទន់ភ្លន់ និងបរិយាបន្ន ក្រោមការដឹកនាំរបស់ប្រទេសសាមីដោយផ្ទាល់របស់យើង បានជួយឱ្យយើងសម្រេចបានលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារបៃតង ដែលមិនធ្លាប់មានការវិនិយោគបែបនេះកន្លងមក ផ្តល់ការលើកទឹកចិត្តឱ្យរដ្ឋាភិបាលហ៊ានធ្វើការសម្រេចចិត្តវិនិយោគ និងកៀរគរហិរញ្ញប្បទានពីប្រភពបន្ថែមទៀត ដើម្បីដឹកនាំការអនុវត្តដំណោះស្រាយអាកាសធាតុនានា៕

អត្ថបទដែលជាប់ទាក់ទង