ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន ទម្រង់ថ្មី មានបំពាក់ QR Code ដើម្បីទប់ស្កាត់ការក្លែងក្លាយ ចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

76

 

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នក
សារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់, ក្រសួងបានចេញបណ្ណសម្គាល់អត្ត
សញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី ប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈ នៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបានថ្លែងថា ក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួង នឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះ ជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែត ដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំ ដូចពីមុនទេ។

ឯកឧត្តមបានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួន ជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំឭកថា ករណីការបោះពុម្ពដោយសាម៉ីអង្គភាព មិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណ ចេញដោយក្រសួង ដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅកម្ពុជាអង្គភាពសារព័ត៌មាន ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០ ហើយអ្នកសារព័ត៌មានមានប្រមាណជិត ១ម៉ឺននាក់ ហើយគិតត្រឹមដំណាច់ខែមីនា មានអ្នកសារព័ត៌មានប្រមាណជាង ៥០០០ នាក់ដែលបានដាក់ពាក្យសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន ពីក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្រសួងព័ត៌មាននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពន្លឿនការចេញបណ្ណសម្គាល់អត្តសញ្ញាណ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាជូនបងប្អូនអ្នកសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង