អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់លក្ខខណ្ឌនានាពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីការកំណត់លក្ខខណ្ឌនានាពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលនឹងចូលជាធរមាននាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការចូលរួមពីក្រុមហ៊ុននាំចូល និងជើងសាគយ សរុបចំនួន ៨៦ នាក់ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់វិស័យឯកជនពាក់ព័ន្ធ នូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ និងការកំណត់មាត់ច្រកសម្រាប់ការនាំចូលមុខទំនិញសាច់បង្កក។ ខ្លឹមសារសំខាន់នៃការផ្សព្វផ្សាយគឺ ចាប់ពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នេះតទៅ មានតែក្រុមហ៊ុនដែលត្រូវបានកំណត់ថាមានគុណវុឌ្ឍិប៉ុណ្ណោះ ទើបអាចធ្វើប្រតិបត្តិការនាំចូលមុខទំនិញសាច់បង្កកបាន។ ទន្ទឹមនេះ មានតែមាត់ច្រកព្រំដែនចំនួន ៥ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់បង្កក រួមមាន ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, ច្រកទ្វារកំពង់ផែអន្តរជាតិរាជធានីភ្នំពេញ, ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, និងច្រកទ្វារព្រំដែនអន្តរជាតិដូង។ ចំពោះការនាំចូលតាមមាត់ច្រកផ្សេងពីនេះ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ មានក្រុមហ៊ុនចំនួន ២០ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមានគុណវុឌ្ឍិក្នុងការនាំចូលមុខទំនិញសាច់បង្កក។ ទោះជាយ៉ាងណាក៏ដោយ ចំពោះក្រុមហ៊ុនផ្សេងទៀតដែលមានបំណងនាំចូលមុខទំនិញនេះដែរ ត្រូវរៀបចំឃ្លាំងរក្សាសាច់បង្កករបស់ខ្លួនឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងត្រូវរួសរាន់ស្នើសុំមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីចុះពិនិត្យវាយតម្លៃលើគុណវុឌ្ឍិជាបន្តបន្ទាប់ទៀត។
ទន្ទឹមនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ថា ការកំណត់គុណវុឌ្ឍិ និងការកំណត់មាត់ច្រកសម្រាប់ការនាំចូលសាច់បង្កកនេះ គឺជាវិធានការដោយឡែក បន្ថែមលើវិធានការនានាផ្សេងទៀត ជាពិសេសពាក់ព័ន្ធនឹងប្រព្រឹត្តកម្មហាមឃាត់ ឬជាប់កម្រិតកំណត់ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
កិច្ចប្រជុំនេះបានដំណើរការទៅប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីត្រៀមចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការទាំងនេះ។