ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេះដាក់ទណ្ឌកម្មអីតែអាមេរិកឥឡូវអ៉ីរ៉ង់ ប្រកាសដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសសម្រាប់ការគាំទ្រសង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា

61

តេហេរ៉ង់៖នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសអ៉ីរ៉ង់បានប្រកាសអំពីការដាក់ទណ្ឌកម្ម ទៅលើបុគ្គលក៏ដូចជាអង្គភាព-ស្ថាប័នមួយចំនួន របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅឯតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

ការប្រកាសដាក់ទណ្ឌកម្មខាងលើ ពីសំណាក់ទីក្រុងតេហេរ៉ង់ ដែលជាគូសត្រូវធំបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ ត្រូវបានធ្វើឡើង ក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអ៉ីរ៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទណ្ឌកម្មនោះបានកំណត់គោលដៅលើ បុគ្គលជនជាតិអាមេរិកចំនួន៧រូប ដែលរួមមានទាំងឧត្តមសេនីយ Bryan P. Fenton មេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងពិសេស របស់យោធាអាមេរិក និងឧត្តមនាវី Brad Cooper ដែលជាអតីតមេបញ្ជាការកងអង្គភាព Fifth Fleet របស់ទ័ពជើងទឹកអាមេរិក។

ចំណែកមន្រ្តីនិងស្ថាប័នអង់គ្លេស ដែលរងការដាក់ទណ្ឌកម្មរបស់អ៉ីរ៉ង់ រួមមានទាំងរដ្ឋមន្រ្តីការពារជាតិលោក Grant Shapps រួមជាមួយ មេបញ្ជាការនៃបញ្ជាការដ្ឋានយុទ្ធសាស្រ្ត របស់យោធាអង់គ្លេស លោក James Hockenhull ហើយនិងកងអង្គភាពជើងទឹកអង់គ្លេស ប្រចាំនៅសមុទ្រក្រហម។ ក្រុមហ៊ុនអាមេរិក Lockheed Martin និង Chevron ព្រមទាំងក្រុមហ៊ុនអង់គ្លេស Elbit Systems, Parker Meggitt និង Rafael UK ក៏ត្រូវបានអ៉ីរ៉ង់ដាក់ទណ្ឌកម្ម ផងដែរ។

បើតាមក្រសួងការបរទេសអ៉ីរ៉ង់ វិធានការរឹតត្បិតនៃការដាក់ទណ្ឌកម្មខាងលើ រួមមានដូចជា រាំងខ្ទប់គណនីនិងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនានា នៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់អ៉ីរ៉ង់, បង្កកទ្រព្យសម្បត្តិនៅក្រោមដែនយុត្តាធិការរបស់អ៉ីរ៉ង់ ព្រមទាំងហាមឃាត់ការចេញទិដ្ឋាការ និងការធ្វើដំណើរចូលមកកាន់ទឹកដីអ៉ីរ៉ង់។

គួរបញ្ជាក់ថា សង្រ្គាមនៅ Gaza Strip បានផ្ទុះឡើង ក្រោយព្រឹត្តិការណ៍វាយប្រហារថ្ងៃ៧ តុលា ២០២៣ ដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស លើអ៉ីស្រាអែល ដែលបានផ្តាច់ជីវិតមនុស្សប្រហែល១,២០០នាក់ ភាគច្រើនជាជនស៉ីវិល។ អ៉ីរ៉ង់ដែលជាខ្នងបង្អែករបស់ហាម៉ាស បានបដិសេធថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធផ្ទាល់ ក្នុងការវាយប្រហារនោះឡើយ។ រីឯប្រតិបត្តិការយោធាសងសឹករបស់អ៉ីរ៉ង់ប្រឆាំងនឹង ក្រុមហាម៉ាស ចាប់តាំងតែពីពេលនោះមក បានសម្លាប់មនុស្សសរុបកើនដល់យ៉ាងហោច ៣៤,៥៩៦នាក់ហើយ ដែលភាគច្រើនជាស្រ្តី និងកុមារ៕

អត្ថបទដែលជាប់ទាក់ទង