ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ជួយចាត់ចែងក្នុងការព្យាបាលស្ដ្រីមានជំងឺដុំសាច់លើដោះ១៣ឆ្នាំ បានវះកាត់ដោយជោគជ័យ និងជាសះស្បើយត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ

51

  1. ភ្នំពេញ៖លោកស្រី គង់ សារុំ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្នុងគ្រួសារក្រលំបាក និងស្ពាយជាមួយនឹងជំងឺដុំសាច់លើដោះខាងស្ដាំ ទម្ងន់រហូតដល់ទៅជាង៨គីឡូក្រាម អស់រយៈពេលជាង១៣ឆ្នាំ ដោយមានការជួយពីសម្តេចតេជោ ហ៊ុន សែន បានទទួលការព្យាបាល និងវះកាត់ដោយជោគជ័យ ហើយនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកស្រីធូរស្រាលពីជំងឺ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រលប់ទៅគេហដ្ឋានជួបជុំគ្រួសារវិញ។

នេះជាភ័ព្វសំណាងរបស់អ្នកជំងឺណាស់ កន្លងមកបានរស់នៅយ៉ាងអស់សង្ឃឹមជាមួយជំងឺដ៏សាហាវនេះ ដោយមិនដឹងថានៅមន្ទីរពេទ្យកម្ពុជាយើង មានគ្រូពេទ្យឯកទេសព្យាបាលជំងឺដូចគាត់ បានជាសះស្បើយនោះទេ ដូច្នេះអ្វីដែលអ្នកជំងឺរង់ចាំ គឺមានតែសេចក្ដីស្លាប់ ដោយភ្ជាប់ជាមួយនឹងដុំសាច់ដ៏សែនធ្ងន់នេះតែប៉ុណ្ណោះ។ ប៉ុន្ដែអ្វីៗពិតជាស្មានដល់មែន ហាក់ដូចទេវតាបានប្រទានជីវិតថ្មីជូនគាត់ចឹង ដោយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលដំណឹងនេះភ្លាមតាមបណ្ដាញសង្គម ក៏បានណែនាំឱ្យលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងឈានដល់រកអ្នកជំងឺឃើញ ព្រមទាំងបញ្ជូនមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយការវះកាត់ទទួលបានយ៉ាងជោគជ័យ និងទទួលបានការមើលថែយ៉ាងចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេលជាងមួយសប្ដាហ៍, នៅថ្ងៃទី១៣ ខែឧសភា ស្ដ្រីជាអ្នកជំងឺ បានជាសះសើ្បយ ហើយនៅព្រឹកថ្ងៃទី១៤ ឧសភានេះ វេលាម៉ោង៧ព្រឹក បានធ្វើដំណើរត្រលប់ទៅគេហដ្ឋានជួបជុំគ្រួសារវិញហើយ។

ស្ដ្រីជាអ្នកជំងឺ គង់ សារុំ បានថ្លែងរៀបរាប់ទាំងទឹកភ្នែក ថា «ខ្ញុំសប្បាយចិត្ដណាស់ រកអ្វីផ្ទឹមមិនបានទេព្រោះខ្ញុំមិនដែលសង្ឃឹមសោះថា ជំងឺដ៏ឃោរឃៅនេះ ដុំសាច់លើដោះដែលខ្ញុំស្ពាយយ៉ាងធ្ងន់ជាប់នឹងខ្លួនជាង១៣ឆ្នាំនេះ បានវះកាត់ចេញប្រកបដោយសុវត្ថិភាព ហើយថែមទាំងឥតអស់លុយទៀត ពិសេសទទួលបានការឧបត្ថម្ភការហូបចុកដល់ខ្ញុំ និងគ្រួសារខ្ញុំមកដែលកំដរនៅមន្ទីរពេទ្យផងដែរ»

លោកស្រីបន្តថា «ពីមុនអ្វីដែលខ្ញុំបានគិតជាមួយប្ដីខ្ញុំ គឺគ្រាន់តែចង់បានការវះកាត់ដុំសាច់លើដោះ ឱ្យចេញពីខ្លួន ទោះវះកាត់មិនជោគជ័យ ឱ្យតែបានយកចេញពីខ្លួន ខ្ញុំក៏ព្រម ទោះមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ព្រោះខ្ញុំពិបាកទ្រាំតទៅទៀតណាស់ ប៉ុន្ដែក្រោមការជួយពីសម្ដេច ខ្ញុំមិនត្រឹមតែទទួលបានការវះកាត់យកដុំសាច់ដ៏ធ្ងន់លើខ្លួនខ្ញុំចេញប្រកបដោយជោគជ័យនោះទេ តែថែមទាំងកែសម្ភស្សលើរបួសខ្ញុំបានយ៉ាងល្អស្អាត។ ខ្ញុំអររំភើប មិនដឹងគួរនិយាយយ៉ាងណាឱ្យអស់សេចក្ដីនោះទេ សម្រាប់ការជួយជ្រោមជ្រែងរបស់សម្ដេច ពេលនេះកូនចៅបានជាហើយសម្ដេច កូនចៅសូមលើដៃប្រណមថ្លែងដឹងគុណពីចម្ងាយ ដល់សម្ដេចពុក អារម្មណ៍កូនចៅជាប្រជាពលរដ្ឋនៅពេលនេះ សប្បាយអរណាស់ ពីពេលនេះតទៅខ្ញុំកូនចៅបានរស់ក្នុងរាងកាយធម្មតាដូចគេដែរហើយ ពិសេសមានសុខភាពល្អ អាចរកស៊ី និងរស់នៅជាមួយកូន និងប្ដី បាយយ៉ាងរីករាយ»។

ក្នុងឱកាសនេះ ស្ដ្រីជាអ្នកជំងឺ និងក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណផងដែរ ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានពិនិត្យព្យាបាល ថែទាំយ៉ាងយកចិត្ដទុកដាក់ ក្រោមការចង្អុលបង្ហាញពីលោករដ្ឋមន្ដ្រីសុខាភិបាល។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យដែលធ្វើការវះកាត់ជូនអ្នកជំងឺខាងលើនេះ លោកវេជ្ជបណ្ឌិតឯកទេស តារា វិទ្យា បានឱ្យដឹងថា «ការវះកាត់អ្នកជំងឺដុំសាច់លើដោះនេះ គឺប្រើប្រាស់គ្រូពេទ្យជំនាញពីរក្រុមធំៗចូលរួម មានផ្នែកវះកាត់ដុំសាច់មហារីក និងក្រុមគ្រូពេទ្យេឯកទេសវះកាត់កែសម្ភស្ស។ ភាពពិបាកនៃការវះកាត់លើអ្នកជំងឺខាងលើនេះ គឺដោយសារដុំសាច់របស់អ្នកជំងឺធំ ហើយទុករយៈពេលយូរឆ្នាំពេករហូតដល់ជាង១០ឆ្នាំ ចឹងជាទូទៅកាលណាដុំសាច់ដែលធំ គឺមានទំនោលនៃការស្អិទជាប់ជាមួយសាច់ដុំទ្រូង និងគ្លៀក ដែលជាសរីរាង្គៈសំខាន់ៗ តែដោយសារតែក្រុមគ្រូពេទ្យយើងមានបទពិសោធន៍ខ្ពស់ ក្នុងការវះកាត់ព្យាបាលដុំសាច់ធំបែបនេះ ក្រុមគ្រូពេទ្យរបស់យើងបានធ្វើការវះកាត់បានយ៉ាងជោគជ័យព្រមទាំងរក្សានូវសោភ័ណភាពបានស្អាតថែមទៀត»

លោកវេជ្ជបណ្ឌិតឯកទេស តារា វិទ្យា បានបន្ដថា ពេលនេះស្ថានភាពអ្នកជំងឺបានជាស្អាត សុខភាពគាត់បានល្អប្រសើរហើយ ប៉ុន្ដែគ្រូពេទ្យក៏នៅមានការណាត់ជួបជាបន្ដបន្ទាប់ ដើម្បីតាមដានមុខរបួសផងដែរ។

សូមជម្រាបថា អ្នកជំងឺឈ្មោះ គង់ សារុំ ស្រី មានប្រវត្តិជំងឺរយៈពេលប្រហែល ១៣ឆ្នាំ ដែលមានដុំសាច់នៅដោះខាងស្ដាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ ទំហំសាច់កាន់ធំទៅៗ ហើយរយៈពេល ២-៣ឆ្នាំចុងក្រោយដុំសាច់នេះ ចាប់ផ្ដើមមានការឈឺចាប់ និងមានបង្កជារបួសដំបៅ ដោយសារការកកិតពេលធ្វើចលនា។ ដោយទ្រាំនូវការឈឺចាប់នេះមិនបាន អ្នកជំងឺក៏អំពាវនាវឱ្យមានការជួយតាមបណ្ដាញសង្គម, ពេលនោះក៏បានលេចលឺដំណឹងនេះដល់ សម្ដេចតេជោ , ភ្លាមនោះសម្តេច ក៏បានណែនាំដល់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះស្រាវជ្រាវលើករណីខាងលើនេះ ក៏បានឈានទៅដល់រកអ្នកជំងឺឃើញ ព្រមទាំងបញ្ជូនមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយឥតគិតថ្លៃ កាលពីថ្ងៃទី៦ ខែឧសភា រហូតដល់មកថ្ងៃទី១៣ ខែឧសភានេះ ស្ដ្រីដ៏ក្រខ្សត់រូបនេះ ក៏បានជាសះស្បើយ ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង