ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ថា៖ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំង២ ភ្នំពេញនិងគន់មិញមានការកើនឡើង យើងគួរធ្វើការងាររួមគ្នាដោយរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍មួយ

100

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៌មួយ ជាមួយទីក្រុងគុនមីញដើម្បីឲ្យវិស័យទេសចរណ៍រាជធានីភ្នំពេញរបស់កម្ពុជានិងទេសចរណ៍នៃទីក្រុងគុនមីញប្រទេសចិន មានការកើតឡើង។

  ការបង្ហាញពីបំណងបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញនារសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដមឃួងស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំង២ មានការកើនឡើង យើងគួរធ្វើការងាររួមគ្នាដោយរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍មួយ ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរ បានទៅទេសចរណ៍ទៅវិញទៅមក(ទីក្រុងគុនមីញ-ទីក្រុងភ្នំពេញ)។

  ឯកឧត្ដមបានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែមពីនេះកម្ពុជា ក៏មានប្រសាទជាច្រើន ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ។

  ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេងក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ។មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមានទអគារខ្ពស់។ ប៉ុន្តែទោះបីជីយ៉ាងណាក្តីរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ នោះគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។

   ឯកឧត្ដមបានបញ្ជាក់ផងដែរថា៖ ជាគម្រោងរបស់រាជធានីភ្នំពេញ យើងចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះយើងកំពុងតែរកដៃគូ ដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។

   ឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) បានមានប្រសាសន៍លើកឡើងដែរថា៖ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថា រាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។

   ឯកឧត្ដមបន្តថា៖ ទីក្រុងគួនមីញនិងរាជធានីភ្នំពេញបានមានទំនាក់ទំនងល្អជាបងប្អូនជាច្រើនឆ្នាំមកហើយហើយនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ ទីក្រុងគុនមិញនិងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីងសូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគុណមិញ។ ជាបំណងរបស់ឯកឧត្ដមគឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជាទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលការស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញអោយបានច្រើនផងដែរ។

  ក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ហុងឈានក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញផងដែរ។ ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥អង្សាºc ជាទីក្រុងដែលមានផ្ការស្រស់ដែលអាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេសបានប្រមាណ១៣៥ពាន់លានដើម ក្នុងមួយឆ្នាំ ។ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំងពិសេសលើវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង