នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង ម៉ាក្រុង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
ក្រុងប៉ារីស៖ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ ឯកឧត្ដម សេដ្ឋា ថាវីសីន បានផ្តល់ជាយោបល់ទៅកាន់ប្រធានាធិបតីបារាំង ឯកឧត្ដមអេម៉ានុយអែល ម៉ាក្រុង អំពីគំនិតបង្កើតគ្រុបសន្ទនាមួយ (group chat) តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp ដែលរួមមានរូបលោកផ្ទាល់ ឯកឧត្ដមម៉ាក្រុង ហើយនិងនាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីងាយស្រួលក្នុងការជជែកគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Nation Thailand នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។
កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីថៃ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីចូលរួមវេទិកាធុរកិច្ច ថៃ-បារាំង និងបើកកិច្ចពិភាក្សា ជាមួយឯកឧត្ដមប្រធានាធិបតីបារាំង។ កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្ដម សេដ្ឋា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្ដមបានជួបសន្ទនារយៈពេលជិត៤ម៉ោង ជាមួយឯកឧត្ដម ម៉ាក្រុង ហើយជាលទ្ធផល ភាគីទាំង២បានឯកភាពគ្នាលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យចម្រុះជាច្រើន។
ឯកឧត្ដមសេដ្ឋា បានឱ្យដឹងបន្ថែមថា អំឡុងជំនួបនោះ រូបឯកឧត្ដមបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់ឯកឧត្ដមជាមួយឯកឧត្ដមម៉ាក្រុង តាមប្រព័ន្ធ WhatsApp ហើយនាពេលនោះ ឯកឧត្ដមប្រធានាធិបតីបារាំង បានឆ្លៀតបង្ហើបថា រូបឯកឧត្ដមក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ជាហេតុនាំឱ្យឯកឧត្ដមសេដ្ឋា លើកជាយោបល់តែម្តងថា មេដឹកនាំទាំង៣រូប គួរតែមានគ្រុបឆាតមួយលើ WhatsApp ដើម្បីទុកជជែកអំពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធជាមួយបារាំង និងអាស៊ាន។
គួរបញ្ជាក់ថា បារាំងគឺជាប្រទេសដំបូងគេនៅទ្វីបអឺរ៉ុប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ច កាលពីខែមករា ដើមឆ្នាំនេះ គិតចាប់តាំងពីសម្តេចបានក្លាយជា នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា៕