ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាជាតិនៃការចងចាំ ២០ ឧសភា, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

55

ភ្នំពេញ៖ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារបញ្ជាក់ពីគោលបំណងដែលកម្ពុជា បង្កើតឱ្យមានទិវាជាតិនេះ គឺដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំនូវរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវឱ្យប្រជាជនគ្រប់រូប ចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។

សម្តេចតេជោបានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា !

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕

អត្ថបទដែលជាប់ទាក់ទង