ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងមានប្រភពថាមពលអគ្គិសនីដើរ ដោយកម្លាំងខ្យល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ

73

ភ្នំពេញ៖ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។

តាមរយៈវីដេអូខ្លី ដែលឯកឧត្ដមនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន ឯកឧត្ដមកែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»

បើតាមការបញ្ជាក់របស់ឯកឧត្ដមកែវ រតនៈ, ថាមពលដើរដោយខ្យល់នេះ គឺសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

បើតាមលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានឲ្យដឹងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុនស្រុក ដែលសហការជាមួយក្រុមហ៊ុនអន្ដរជាតិ កំពុងធ្វើការសិក្សា ក្នុងការអនុវត្ដគម្រោងនេះ។

លោក ហេង គុណលាង បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនេះ យើងកំពុងតែអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សា ដោយមិនទាន់ដឹងអំពីទំហំវិនិយោគនៅឡើយទេ ដោយទុកឲ្យក្រុមហ៊ុនធ្វើការសិក្សាជាមុនសិន»

បន្ថែមពីនោះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានលើកឡើងថា ការដំឡើងថាមពលដើរដោយខ្យល់នេះ នឹងធ្វើឲ្យការផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់បណ្ដាញប្រព័ន្ធជាតិ របស់អគ្គិសនីកម្ពុជា មានភាពគ្រាប់គ្រាន់។

កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Olivier Duguet នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle របស់បារាំង ចូលជួបសម្តែងការគួរសម។

នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបង្ហាញបំណងចង់វិនិយោគផលិតថាមពល អគ្គិ សនីដើរ ដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់បានសិក្សារួចហើយ និងមើលឃើញ ថា ភ្នំបូកគោ និងតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំង ខ្យល់ បាន។ ក្រុមនេះស្វះស្វែងការគាំទ្រពីរាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាច ផលិតថាមពលបាន ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចាប់អារម្មណ៍ បោះទុនវិនិយោគនៅកម្ពុជា ហើយសម្តេចបានស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បី ពិនិត្យ លទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ សម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។

ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុន បានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ខ្លួន លើ គម្រោងទាញយកថាម ពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការ ចាប់ពីឆ្នាំ២០២៦តទៅ៕

អត្ថបទដែលជាប់ទាក់ទង