ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥

51

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេស នានាក្នុង ពិភព លោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណង ផ្តល់ សេវា ថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់ បញ្ចូល ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានា ឱ្យ បាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុ ស្នូល នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធ សាស្ត្រ ចតុ កោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការ យុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយ ជាតិគាំពារ សង្គម ២០១៦-២០២៥, និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើន សេដ្ឋកិ ច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។

បន្ថែមលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បាន កំណត់ «ការពង្រីក សេវា ថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោល នយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ផង ដែរ។

ផ្អែកលើមូលដ្ឋានខាងលើ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានបង្កើតក្រុមការងារ បច្ចេកទេស រៀប ចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ដែលសម្រប សម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួម យ៉ាង សកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងឱ្យក្រសួងសុខាភិបាល ដើម្បីរៀប ចំ តាក់តែងសេចក្ដីព្រាង «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់ សុខភាពជាសកល នៅកម្ពុជា» និងបានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងបានទទួលការសម្រេច និងផ្តល់ហត្ថលេខា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រ ឆ្ពោះ ទៅ គ.ស.ស. នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើស គោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខា ភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិស ដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការ ប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។ ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីក វិសាល ភាព នៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែម ទាំងផ្ដោតផងដែរលើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់ សេវាសុខាភិបាល សារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំង ការ គិតគូរអំពីកត្តាជំរុញគាំទ្រផងដែរ។

ផ្អែកលើសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ទាំងក្នុងវិស័យសុខាភិបាល និង ប្រព័ន្ធគាំពារសុខភាពសង្គម ព្រមទាំងការវិភាគស៊ីជម្រៅលើបញ្ហាប្រឈមបច្ចុប្បន្ន និង នាពេលអនាគត, ផែនទីបង្ហាញផ្លូវនេះ បានកំណត់ដំណើរជាយុទ្ធសាស្ត្រ ឆ្ពោះទៅ ការ គ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់២០៣៥ តាមរយៈការ ដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពតាមដំណាក់កាល ក្នុង ទិដ្ឋភាពពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹង សមត្ថភាពផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យ បានជាអតិបរមាអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធ ភាព ចំណាយសម្រាប់វិស័យសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ កំណត់គោលដៅ ជាក់ លាក់ ចំនួន៣ ដូចខាងក្រោម៖
(១) ការពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយ ប្រព័ន្ធគាំពារសុខភាព សង្គម ឱ្យ បាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប,
(២) សន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយ
(៣) កាត់បន្ថយអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល។

ដើម្បីសម្រេចបាននូវគោលដៅទាំង៣នេះ, ផែនទីបង្ហាញផ្លូវនេះក៏បាន កំណត់នូវ វិមាត្រ ចំនួន៣ និងកត្តាជំរុញគាំទ្រមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង