ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមវ៉ាត់ ចំរើន៖ តេក្វាន់ដូWTត្រូវហ៊ានដាក់ក្ដីសុបិន្ដដ៏ធំក្នុងប្រវត្តិសាស្រ្ត

31

 ភ្នំពេញ៖ថ្លែងក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT(World Taekwondo)ថ្នាក់ជាតិនាថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ម្សិលម៉ិញនេះឯកឧត្ដមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានជំរុញឱ្យគ្រូបង្វឹកតេក្វាន់ដូWTទាំង២៥នាក់ត្រូវហ៊ានដាក់ក្តីសុបិនស្វែងរកគ្រាប់ពេជ្រនៃធនធានកីឡាករកីឡាការិនីដើម្បីបណ្តុះឱ្យក្លាយជាអត្តពលិកឆ្នើមឆ្ពោះទៅស្វែងរកមេដាយក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមដែលជាការប្រកួតគុណភាពបច្ចេកទេសកម្រិតខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង នាថ្ងៃអនាគត។

  វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកតេក្វាន់ដូ WT នេះមានសិក្ខាកាមជាគ្រូបង្វឹក ២៥នាក់ (ស្រី ០៨នាក់) មកពីបណ្តាក្លឹបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្ត ក្នុងនោះមកពីខេត្តសៀមរាប ០២នាក់, បាត់ដំបង ០៤នាក់, បន្ទាយមានជ័យ ម្នាក់ និងរាជធានីភ្នំពេញ ១៨នាក់ (ស្រី ០៨នាក់)។វគ្គនេះបានដំណើរចាប់ពីថ្ងៃទី២១២៧ខែឧសភាឆ្នាំ២០២៤នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងនៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ រាជធានីភ្នំពេញ ក្រោមការចែករំលែកពីលោកស្រី KIM BYUNG HEE គ្រូឧទ្ទេសវគ្គសាមគ្គីអូឡាំពិក។

  វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WTថ្នាក់ជាតិអាចដំណើរការទៅបាន ដោយមានការគាំទ្រថវិកាពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានផ្ដល់ឱកាសដល់សិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗនិងទទួលបាននូវបទពិសោធន៍ជាច្រើនទៀតក្នុងការត្រៀមខ្លួនបន្តវេននៅជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹមសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៅក្នុងការផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WTឱ្យបានទូលំទូលាយ នាពេលអនាគត។

នៅក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជាមិនធ្លាប់ឈ្នះមេដាយណាមួយក្នុងអូឡាំពិកហ្គេមនោះទេ ដូច្នេះហើយទើបឯកឧត្ដមវ៉ាត់ ចំរើន លើកឡើងថាតេក្វាន់ដូWTដែលជាប្រភេទកីឡាអូឡាំពិក (Olympic Sport) មានគំរូវីរកីឡារិនី ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី ដោយនេះក៏ជាគំរូ ដោយកើតចេញពីការបណ្តុះបណ្តាលរបស់លោកគ្រូ ឆយ យ៉ុងសុក។

គ្រូបង្វឹកថ្នាក់ជាតិក៏ត្រូវហ៊ានសុបិនដែរក្នុងការស្វែងរកនិងផលិតធនធានឆ្ពោះទៅរកមេដាយជាប្រវត្តិសាស្រ្តដំបូងបផុតរបស់កម្ពុជា ក្នុងអូឡាំពិកហ្គេម នាថ្ងៃអនាគត បានផងដែរ។ បើទោះជាមេដាយកម្រិតមាស ប្រាក់ ឬសំរឹទ្ធក្តី ក៏ជាកម្រិតជើងឯកដែរ ក្នុងអូឡាំពិកហ្គេម៕

អត្ថបទដែលជាប់ទាក់ទង