ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ព្រមានចាត់វិធានការចំពោះការលក់ដូរតាមចិញ្ចឹមផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់ នៅម្តុំផ្សារដើមគរ និងផ្សារនាគមាស នឹងរកកន្លែងឱ្យទៅលក់នៅទីតាំងថ្មីដែលបានរៀបចំរួច

38

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងជាលើកទី២ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ដល់ផ្លូវ លេខ២១៧ ផ្លូវព្រះមុន្នីរ៉េត) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងម្តងរួចមកហើយក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈលើកកម្ពស់សោភណ្ឌភាព អនាម័យបរិស្ថានតាមដងផ្លូវនេះ ឱ្យបានល្អប្រសើរនៅពេលបច្ចុប្បន្ន។ ដូចនេះក្រុមអាជីវករយកទំនិញ ពិសេសបន្លែបង្កាមកដាក់លក់ ឬផ្ទេរទំនិញលើទ្រូងផ្លូវតែម្តង។ មន្ត្រីអាជ្ញាធរបានបញ្ជាក់ហើយថា មិនអាចបណ្តែតបណ្តោយទុកស្ថានភាពរញ៉េរញ៉ៃដោយគ្មានសណ្តាប់ធ្នាប់បែបនេះតទៅទៀតឡើយ ត្រូវតែរំដោះដងផ្លូវនេះឱ្យបាន។
ក្នុងន័យនេះអាជ្ញាធរខណ្ឌទួលគោក បានជូនដំណឹងផង និងព្រមានជាមុនផងថា អាជ្ញាធរខណ្ឌទួលគោក បានបញ្ជាក់ ២ចំណុច ទី១ បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ព្រមទាំងយកទីតាំងដីសាធារណៈនៅមុខផ្ទះរបស់ខ្លួនដែលអាជ្ញាធរបានកំណត់ ជួល ឬធ្វើអាជីវកម្មលក់ដូរជាដាច់ខាត។ ចំណុច ទី២ មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទតាមមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសារណៈលើកំណាត់ផ្លូវលេខ២៤៥(ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ២១៧)។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល១ខែទៀត ចាប់ពីការជូនដំណឹងនេះទៅ ដើម្បីឱ្យក្រុមអាជីវកររកទីតាំងលក់ដូរដែលមិនប៉ះពាល់ចិញ្ចើមផ្លូវសាធារណៈ សម្រាប់ប្រកបអាជីវកម្មរបស់ខ្លួន ហើយអាជ្ញាធរនឹងមានវិធានការរដ្ឋបាលក្នុងករណីមានមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងនេះ។
នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិរបស់ក្រុមហ៊ុនចាងវ៉ាង real estate investment ដែលមានទីតាំងនៅតាមបណ្តោយមហាវិថី ឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានលើកឡើងហើយថា គោលបំណងសំខាន់នៃការអនុវត្តគម្រោងនេះ ដើម្បីប្រែក្លាយតំបន់បឹងតាមោកឱ្យទៅជាតំបន់វិនិយោគពហុបំណង ដែលនឹងរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម អនាម័យបរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់នេះឱ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងក្រោយការសាងសង់រួចរាល់ មួយផ្នែកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ទទួលយកអាជីវករដែលកំពុងលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសតំបន់ជុំវិញផ្សារដើមគរចាស់, លើ កំណាត់ផ្លូវម៉ៅសេទុង, កំណាត់ផ្លូវព្រៈមុន្នីរ៉េត(ផ្លូវ២១៧) ក្នុងខណ្ឌទួលគោក ព្រមទាំងតំបន់ស្មុកស្មាញមួយចំនួនទៀត អាចចូលមកលក់ដូរក្នុងទីតាំងដ៏សមរម ប្រកបដោយផាសុខភាព សុវត្ថិភាព ដែលនេះជាការគិតគូរខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង