ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភាអ៊ុយក្រែន ចង់ឃើញវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន

43

ភ្នំពេញ៖លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បង្ហាញបំណងចង់ ឃើញ វត្ត មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូល រួម ក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលរៀបចំឡើងនៅប្រទេសស្វីស នាខែមិថុនា ឆ្នាំ២០២៤។

បំណងនេះត្រូវបានលោកប្រធានសភាអ៊ុយក្រែន លើកឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

ចំពោះសំណើខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានទុកលទ្ធភាពជូនសម្តេច ធិបតី ហ៊ុន ម៉ាណែត ជាអ្នកសម្រេចដោយផ្ទាល់។

ពាក់ព័ន្ធកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈរបស់សម្តេចថា ដើម្បីឱ្យកិច្ចប្រជុំកំពូលនេះ មានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។

ក្នុងជំនួបនេះសម្តេចតេជោ ក៏បានបញ្ជាក់ពីសមាសភាពនៃការចូលរួមសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលធ្វើនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១១-១២ ខែមិថុនាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ដោយសារកិច្ចការរវល់ច្រើនក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឯកអគ្គរាជទូតកម្ពុជាជាអ្នកចូលរួម។

សូមបញ្ជាក់ថា នៅខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលស្វីស នឹងបើកកិច្ចប្រជុំកំពូលពិសេសមួយស្តីពីសន្តិភាពនៅប្រទេសអ៊ុយក្រែន។ បើតាមការប្រកាសរបស់រដ្ឋាភិបាលស្វីស មានមេដឹកនាំប្រទេសជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានទាំងប្រធានាធិបតីអាមេរិក ប្រធានាធិបតីចិន ប៉ុន្តែមិនមានវត្តមានប្រធានាធិបតីរុស្ស៉ីនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង