ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីខេត្ត បានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៧ ករណី មានជនសង្ស័យចំនួន ៣៥ នាក់ ហើយឃុំខ្លួនទាំង៣៥នាក់

58

ភ្នំពេញ៖ឯកឧត្ដមជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៧ ករណី ដែលមានជនសង្ស័យចំនួន ៣៥ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៣៥ នាក់ទាំងអស់តែម្តង។

ឯកឧត្ដមអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរឯកឧត្ដមជិន ម៉ាលីនថ្លែងក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌សូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង