ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិភាក្សាលើស្តង់ដា សាលាគរុកោសល្យគំរូ,ពង្រឹងស្វ័យគ្រប់គ្រងសាលាគរុកោល្យ

81

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យហង្សជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានដឹកនាំកិច្ចប្រជុំ ស្តីពីស្តង់ដាសាលាគរុកោសល្យគំរូដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំពិភាក្សាលើស្តង់ដាសាលាគរុកោសល្យគំរូនេះ មានគោលបំណងដើម្បីពង្រឹងស្វ័យគ្រប់គ្រងសាលាគរុកោល្យ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់ឱ្យ គរុសិស្ស គរុនិស្សិតទទួលបាននូវបំណិនវិជ្ជាជីវៈជាគ្រូបង្រៀនពេញលេញ មុននិងក្រោយពេលចេញទៅបម្រើការងារជា គ្រូបង្រៀននៅតាមសាលារៀនគោលដៅ ដែលគោលដៅនៃស្តង់ដាសាលាគរុកោសល្យគំរូមានដូចជា៖

⁃ ផ្តល់ជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍសាលាគរុកោសល្យឱ្យមានលក្ខណៈទំនើប និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលគរុសិស្ស គរុនិស្សិតប្រកបដោយគុណភាពខ្ពស់

⁃ បង្កើនប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនឱ្យឆ្លើយតប នឹងបរិវត្តកម្មការអប់រំ ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា

⁃ ជាខ្នាតសម្រាប់វាស់វែងពីកម្រិតគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងធានាបាននូវនិរន្តរភាពនៃដំណើរការគ្រឹះស្ថាន។

ក្នុងឱកាសនេះឯកឧត្ដមបណ្ឌិតសភាចារ្យហង្សជួនណារ៉ុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ លេខាធិការដ្ឋាននៃគណៈកម្មការ អភិវឌ្ឍន៍ធនធានគ្រូបង្រៀន វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងការអភិវឌ្ឍស្តង់ដាសាលាគរុកោសល្យគំរូនេះ ដើម្បីវាយតម្លៃលើគុណភាពនិងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងធានាបាននូវនិរន្តរភាពនៃដំណើរការគ្រឹះស្ថានដែលស្របតាមស្តង់ដាចំនួន០៥រួមមាន៖ (១). លទ្ធផលបណ្តុះបណ្តាល (២). ធនធានបណ្តុះបណ្តាល (៣). កិច្ចសហប្រតិបត្តិការ (៤). អភិបាលកិច្ចល្អ និង (៥). ការស្រាវជ្រាវ និងនវានុវត្តន៍។

បន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាស្តង់ដាសាលាគរុកោសល្យគំរូនេះ នឹងជួយដល់សាលាគរុកោសល្យទាំងអស់ក្នុងប្រទេសកម្ពុជាដើម្បីកំណត់ទិសដៅ និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍគ្រឹះស្ថានរបស់ខ្លួនឱ្យបានឆាប់រហ័ស ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់អាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យហង្សជួនណារ៉ុង

អត្ថបទដែលជាប់ទាក់ទង