ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឧសភា មានមន្ត្រីចំនួន២៧៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងបានពិនិត្យ វិភាគ និងសម្រេច លើពាក្យប្ដឹងចំនួន៣៩ពាក្យប្ដឹង

87

ភ្នំពេញ៖តាមរបាយការណ៍ ដែលប្រគល់ឱ្យដោយ ឯកឧត្តម សយ ចាន់វិចិត្រ អ្នកនាំពាក្ស អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)បានឱ្យដឹងថា មានមន្ត្រីចំនួន២៧៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន១៣១នាក់និងមន្ត្រី១៤៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍និងចប់អាណត្តិ។ ក្នុងនោះ អ.ប.ព.បានដំណើរការពិនិត្យ វិភាគនិងធ្វើការសម្រេចលើពាក្យប្ដឹងសរុបចំនួន៣៩ពាក្យប្ដឹងបន្ថែមទៀត។

អ្នកនាំពាក្ស អ.ប.ព.បានផ្តល់ជូនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៣៥ ដែលបានដំណើរការក្រោមវត្តមាន ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី៣៤ របស់ខ្លួន ព្រមទាំងបានស្តាប់នូវរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនិងលើកបញ្ហាផ្សេងៗដែលត្រូវបន្តអនុវត្ត ដែលកិច្ចប្រជុំនេះបានដំណើរការកាលពីថ្ងៃចុងខែឧសភានេះ។

អ្នកនាំពាក្សខាងលើបន្តថា អ.ប.ព. ក៏បានកសាងសំណុំរឿងចំនួន០៣ករណី ដែលមានជនសង្ស័យ ចំនួន០៥រូប បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ជាប់សង្ស័យពីបទល្មើសរំលោភអំណាច ពាក់ព័ន្ធការជ្រើសរើសមន្ត្រីកិច្ចសន្យានិងក្របខណ្ឌ ការប្រឡងចូលក្របខណ្ឌ និងការគ្រប់គ្រងឯកសារ។

ចំណែកឯការងារអប់រំ ក្រុមការងារ អ.ប.ព.បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ ជូនដល់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាកូលាបទី១ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីច្បាប់ប្រឆាំងអំពើពុករលួយផង ពង្រឹងវិន័យនិងសាមគ្គីភាពផ្ទៃក្នុងផង។

ក្រៅពីនេះ អង្គភាព អ.ប.ព. ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន១៤៥ គម្រោង របស់ អង្គភាពលទ្ធកម្ម ចំនួន ៤៩អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ដោយឡែកសម្រាប់ការងារអនុវត្តច្បាប់និងការបង្ការទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើពុករលួយថ្នាក់តំបន់និងអន្តរជាតិ អ.ប.ព.បានបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនចូលរួមគ្រប់សកម្មភាព ក៏ដូចជាបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃបណ្តាប្រជាជាមិត្ត មកបំពេញទស្សនកិច្ចនៅ អង្គភាព ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងគ្នាឲ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង