ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការបតីអាល្លឺម៉ង់ ប្រាប់លោក ពូទីន៖ យើងនឹងការពារទឹកដីរបស់ NATO គ្រប់ចំអាមទាំងអស់

98

អាល្លឺម៉ង់៖អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថាសកម្មភាពថ្មីៗនេះរបស់អង្គការ NATO ក្នុងការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន គឺមាន គោលដៅកំញើញរុស្ស៉ី ហើយវាក៏ជាការបញ្ជូនសារយ៉ាងច្បាស់ដែរទៅកាន់ទីក្រុងមូស្គូ ថាបក្សសម្ព័ន្ធយោធាមួយនេះត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារ ខ្លួនឯង ក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ច Eastern German Economic Forum កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte ផងនោះ លោក Scholz បានសង្កត់ធ្ងន់ទៀតថា អាល្លឺម៉ង់បានដើរតួនាទីជាមេដឹកនាំក្នុងការពង្រឹងវត្តមាន NATO នៅក្នុងតំបន់បាល់ទិក ជាប់ព្រំដែនរុស្ស៉ី អស់រយៈពេលជិតមួយទស វត្សរ៍មកហើយ។ លោកបន្តថាដោយសារតែការគំរាមកំហែងពីរុស្ស៉ីនៅតែបន្តកើតមាន អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត បានសម្រេចចិត្តកាលពីឆ្នាំមុន ដើម្បីដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់រដ្ឋក្នុងតំបន់បាល់ទិក ហើយមានគម្រោងដាក់ឱ្យកងពលតូចមួយឈរជើងនៅទីនោះ ជាអចិន្ត្រៃយ៍តែម្ដងនៅពេលអនាគត។

បើតាមអធិការបតីអាល្លឺម៉ង់រូបនេះ ការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយសន្តិសុខសព្វថ្ងៃ គឺជារឿងជាចាំបាច់បង្ហាញរុស្ស៉ីថា NATO ត្រៀមលក្ខណៈជាស្រេច ដើម្បី ការពារទឹកដីរបស់ខ្លួនគ្រប់ចំអាមទាំងអស់ ប្រឆាំងនឹងការវាយប្រហារណាមួយ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនបានព្រមាន NATO ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ុយក្រែនអាចប្រើប្រាស់អាវុធផ្ដល់ ដោយលោកខាងលិច វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ ប្រមុខ NATO លោក Jens Stoltenberg បានច្រានចោលការព្រមាននេះដោយនិយាយថាលោកបាន ឮការព្រមានបែបនេះជាច្រើនដងមកហើយ និងថាការការពារខ្លួនមិនមែនជាការបង្កើនជម្លោះកាន់តែធំនោះទេ៕

អត្ថបទដែលជាប់ទាក់ទង