ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី​ណែនាំ​ក្នុង​ការ​ ចូលរួម​ធ្វើ​អនាម័យ ដាំ​ដើមឈើ និង​ការ គ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំរាម សំណល់​រឹង

58

ភ្នំពេញ៖រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ឱ្យរ​ដ្ឋ​បាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ ការដាំ​ដើមឈើ និង​ការ គ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំណល់​រឹង សំរាម ក្នុង​ធុងសំរាម ឬ​នៅតាម​ទីតាំង​កំណត់​ឱ្យបាន ត្រឹមត្រូវ ជៀសវាង​ការដុត ឬ​បោះចោល មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​ការ ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន​។

សេចក្ដីណែនាំ​ស្តី​ពី​ការចាត់តាំង​អនុវត្តន៍​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៤​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​០៧​មិថុនា​នេះ​ បាន​ឱ្យ​ដឹង​ថា អនុលោម​តាម​អនុក្រឹត្យ​លេខ ១៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៩៦ ស្តីពី​ការកំណត់​យក ថ្ងៃទី​០៥ ខែមិថុនា ជា​ឱកាស​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្នុង​គោលបំណង​លើកកម្ពស់ ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការ​ប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព​បរិស្ថាន សំដៅ​លើកកម្ពស់​សុខភាព​សាធារណៈ កិច្ច​គាំពារ បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ បង្កើន​ការ​យល់ដឹង​ដល់​សាធារណជន​អំពី​បញ្ហា​បរិស្ថាន លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍ ឱ្យក្លាយ​ទៅជា​ភ្នាក់ងារ​សកម្ម​ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​មេត្រី​បរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សូម​ចូលរួម​អនុវត្ត​ដូចខាងក្រោម​៖

១. សូម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ជំរុញ​ការចូលរួម​ក្នុង​ការ​ធ្វើ​អនាម័យ ការដាំ​ដើមឈើ និង​ការ គ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំណល់​រឹង សំរាម ក្នុង​ធុងសំរាម ឬ​នៅតាម​ទីតាំង​កំណត់​ឱ្យបាន ត្រឹមត្រូវ ជៀសវាង​ការដុត ឬ​បោះចោល មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​ការ ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន

២. សូម​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​សកម្មភាព​អប់រំ​ផ្សេងៗ មាន​ជាអាទិ៍ ការនិពន្ធ​អត្ថបទ ការប្រកួត ផ្ទាំង​រូបភាព​នៅតាម​សាលារៀន ការដាំ​ដើមឈើ ការកែច្នៃ​សំណល់​នានា យុទ្ធនា​ការសម្អាត​។​ល​។ និង​ចាត់ចែង​ធ្វើ​អនាម័យ ទាំង​ក្នុង និង​ក្រៅ​បរិវេណ​គ្រឹះស្ថានសាធារណៈ សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ​

៣. សូម​យកចិត្តទុកដាក់​លើ​ការ គ្រប់គ្រង​សំណល់​រឹង សំរាម និង​សំណល់​រាវ​ឱ្យបាន​ត្រឹមត្រូវ ចូលរួម​ធ្វើ អនាម័យ សន្សំសំចៃ​ថាមពល និង​ការពារ​ថែរក្សា​ជីវចម្រុះ និង​ធនធានធម្មជាតិ តាម​រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​

៤. គ្រប់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​បរិស្ថាន និង​គោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ដល់​សាធារណជន ដើម្បី​បង្កើន​ការយល់ដឹង និង​បំផុស​ការ ចូលរួម​របស់​សាធារណជន ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​

៥. មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ប្រមូល និង​បូកសរុប​របាយការណ៍​លទ្ធផល​អនុវត្តន៍រ​បស់​រដ្ឋបាល ខណ្ឌ​ទាំង​១៤ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

ទទួល​បាន​សេចក្ដីណែនាំ​នេះ រដ្ឋបាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម ស៊ីវិល ដៃគូរ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​រស់នៅ​ក្នុងភូមិ​សា​ស្ត្រ រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​អនុវត្ត​សេចក្ដីណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង