ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿងពីព្រឹត្តិការណ៍Aerobic Gymnastics Asian Championship 2024

35

  ភ្នំពេញ៖ពិតជាអស្ចារ្យដែលកីឡាកាយសម្ព័ន្ធកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ីលើកទី៩ឆ្នាំ២០២៤( Aerobic Gymnastics Asian Championship 2024)នៅទីក្រុងហាណូយប្រទេសវៀតណាម។

  ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមពីថ្ងៃទី៦ដល់ទី១១មិថុនា។លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ទោះបីការប្រកួតជើងឯកអាស៊ី លើកទី៩ នេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជាទទួលបានតែមេដាយសំរឹទ្ធ១គ្រឿងប៉ុន្ដែនៅតែជាមោទនភាពសម្រាប់ជាតិខ្មែរ ពីព្រោះការប្រកួតលើកនេះ មានប្រទេសចំនួន ១៤ រួមមានអូស្ដ្រាលី, កម្ពុជា, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហុងកុង, អ៊ីរ៉ង់, ជប៉ុន, គីស៊ីស្ដង់, ម៉ុងហ្គោលី, កូរ៉េខាងត្បូង, ឆាយនីតៃប៉ិ, ហ្វីលីពីន, ថៃ និងម្ចាស់ផ្ទះវៀតណាម ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣០០នាក់ ។

លោកបន្ដថា ជោគជ័យនេះ កើតឡើងដោយសារមានការយកចិត្តទុកដាក់លើកទឹកចិត្ត ជំរុញពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសថ្នាក់ដឹកនាំសហព័ន្ធ ដែល មានលោកទេសរដ្ឋមន្ត្រី ថោង ខុន ជាប្រធាន លោកឧកញ៉ា សុខ ហុង ជាអនុប្រធាន និងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡាការិនីទើបក្រុមកីឡាករកីឡាការិនីកាយសម្ព័ន្ធកម្ពុជាមានឱកាសចូលរួមប្រកួតជើងឯកអាស៊ី និងទទួលបានសមិទ្ធផលល្អប្រសើរបែបនេះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 9th Aerobic Gymnastics Asian Championship 2024 ដែលវៀតណាមធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១២នាក់ ទៅចូលរួមប្រកួត។

ជាមួយគ្នានេះដែរលោកបណ្ឌិតថោងខុនទេសរដ្ឋមន្ដ្រីប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានសម្ដែងការអបអរសាទរ និងកោតសរសើរក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ក្រោយដណ្ដើមបានមេដាយ ១គ្រឿង ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ (Aerobic Gymnastics Asian Championship 2024) នៅក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦-១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ៕

អត្ថបទដែលជាប់ទាក់ទង