ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំ ផែនការសកម្មភាពយេនឌ័រ បង្ការការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា

37

ភ្នំពេញ៖ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ ជាមួយស្ថាប័នពាក់ព័ន្ធ ស្តីពី ផែនការសកម្មភាពយេនឌ័រ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា និង ការរៀបចំផែនការសកម្មភាពយេនឌ័រ សម្រាប់ក្របខ័ណ្ឌការងារសេនដាយ ស្របតាមបរិបទកម្ពុជា សណ្ឋាគារ កាបូឌីយ៉ាណា រាជធានីភ្នំពេញ។     

      ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ នេះបានប្រព្រឹត្ដទៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានការចូលតួមពី លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី ម៉ារា ហុលហ្សីប៊ើក (Maria Holtsberg) នាយិការងស្តីទី ការិយាល័យ យូអិនវ៉ូមែន (UNWOMEN) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

        លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួង កិច្ចការនារី  បានបញ្ជាក់ថា៖ គ្រោះមហន្តរាយ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងមកលើប្រជាជន ជាពិសេសកើតឡើង ស្ត្រី និងកុមារី ដែលត្រូវបានកំណត់បញ្ជាក់ថា ជាក្រុមងាយរងគ្រោះបំផុត និងចាំបាច់ត្រូវផ្តល់អាទិភាព នៅក្នុងសកម្មភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ កម្ពុជា បានយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃចំណុចនេះ និងបាន បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើសមាហរណកម្មទស្សនៈយេនឌ័រ ទៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។

        ក្នុងបរិការណ៍ពិភពលោក នាពេលថ្មីៗនេះ ផែនការសកម្មភាពយេនឌ័រ ដើម្បីគាំទ្រដល់ការអនុវត្ត ក្របខ័ណ្ឌការងារសេនដាយ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយ ២០១៥-២០៣០ (Sendai GAP) ត្រូវបានរៀបចំកសាងឡើង និងប្រកាសដាក់ឱ្យអនុវត្ត សំដៅបង្កើនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលឆ្លើយតបចំពោះ យេនឌ័រ នៅត្រឹមឆ្នាំ២០៣០។

   ឯកឧត្តម ហង្ស សាមឿន ក្នុងនាមតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម.បានអរគុណ ចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, អង្គការជាតិ-អន្តរជាតិ, និងអង្គការសង្គមស៊ីវិល ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ «ស្តីពីការរៀបចំផែនការសកម្មភាព យេនឌ័រ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា» ។

    ឯកឧត្តម បានលើកឡើងថា ផែនការសកម្មភាពយេនឌ័រ សម្រាប់ក្របខ័ណ្ឌការងារសេនដាយ (Sendai GAP) គឺជាការស្ម័គ្រចិត្ត ហើយត្រូវបានបង្កើតឡើង តាមរយៈដំណើរការពិគ្រោះយោបល់ពហុភាគី ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង របស់គ្រប់តួអង្គពាក់ព័ន្ធ នៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ឆ្ពោះទៅរកការសម្រេចបាននូវទិសដៅ លទ្ធផល និងគោលដៅ នៃក្របខ័ណ្ឌការងារសេនដាយ នៅត្រឹមឆ្នាំ២០៣០ ដោយមានការយកចិត្តទុកដាក់ជាក់លាក់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការឆ្លើយតបយេនឌ័រ។

       ឯកឧត្តម បានបន្តថា៖ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងភាពជាដៃគូ ជាមួយក្រសួងកិច្ចការនារី និងអង្គការយូអិនវូមែន (UNWOMEN) បានផ្តួចផ្តើមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយស្ថាប័នពាក់ព័ន្ធ នេះឡើងដោយ មានការចូលរួមពី ក្រុមសកម្មភាពបញ្ជាបយេនឌ័រ នៃក្រសួងសំខាន់ៗ, ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្នុងគោលបំណង បង្កើតឱ្យមានជាឱកាស សម្រាប់កិច្ចពិភាក្សា អំពីផែនការសកម្មភាពយេនឌ័រ ក្នុងការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ និងលទ្ធភាពកែសម្រួលផែនការសកម្មភាពនេះ ឱ្យស្របតាមបរិបទកម្ពុជា។

    ឯកឧត្តមមានសង្ឃឹមថា សេកា្ខកាមទាំងអស់ នឹងទទួលបានការយល់ដឹង ពីសារៈសំខាន់នៃការបញ្ជាបយេនឌ័រទៅក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងដំណើរការរៀបចំផែនការសកម្មភាពយេនឌ័រ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យស្របតាមបរិបទកម្ពុជា។

       សូមបញ្ជាក់ថា ៖ នៅឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)សហការជាមួយក្រសួងកិច្ចការនារីនិងគាំទ្រពីការិយាល័យ យូអិនវ៉ូមែន(UNWOMEN) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានរៀបចំកសាង គោលការណ៍ ស្តីពីការបញ្ជាបយេនឌ័រទៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ សម្រាប់ការកាត់បន្ថយហា

និភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ដោយបានដាក់បញ្ចូលទស្សនៈយេនឌ័រ និងផ្តល់អាទិភាពដល់បរិយាប័ន្នសង្គម រួមមាន តំណាងគ្រប់គ្រាន់ពីស្ត្រី, ជនពិការ, កុមារ, យុវជន, មនុស្សចាស់ និងផ្នែកផ្សេងទៀត នៃសង្គមដែលមាន ហានិភ័យខ្ពស់បំផុត ដើម្បីធានាបាននូវការឆ្លើយតបយេនឌ័រ នៅក្នុងផែនការសកម្មភាពជាតិ ៕

          ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង