ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក ការតស៊ូរំដោះជាតិ

30

ភ្នំពេញ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា ដើម ទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា ជន កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។

ថ្ងៃជាប្រវត្តិសាស្ត្រនៃការរំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះ ដូច ទៅនឹងរាល់ឆ្នាំដែរ គឺមានការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូនោះនៅតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត ត្បូង ឃ្មុំ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ និងយុទ្ធ មិត្តកាលពី៤៧ឆ្នាំមុននោះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីនេះដែលធ្វើឡើងនៅជាប់ព្រំដែនប្រទេសវៀតណាមនេះ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កង កម្លាំង ប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺមានរយៈពេល៤៧ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏សែនលំបាកបំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំង គ្រោះ ថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេច តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ ចំណុច ក្នុងដំណាក់កាលតស៊ូ ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុច ដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរ ទឹក ភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសមមិត្ត ហ៊ុន សែន បាន បែរ មុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូន ក្នុង ផ្ទៃ ៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា? ជាពិសេស នឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពី ឪពុក ម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះដើម្បីការសិក្សា។ លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយ ពីទឹក ដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៧ឆ្នាំ មុន នោះហើយ ជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឱ្យទទួលបាន ពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។

មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និង ប្រជា ជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិ សេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះទាំងអង្គការ សហប្រជា ជាតិ និងអាមេរិកផងបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើល មិន ឃើញពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូ របស់ សម្តេច តេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិ នាំគ្នាងើបប៉ះបោររំដោះ ជាតិឡើង ទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុល ពត នោះឡើយ។

ជាមួយនឹងខួប ៤៧ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិសង្ខេប នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យ ពូជ សាសន៍ ប៉ុល ពត ជូនមិត្តអ្នកអានបានជ្រាបដូចខាងក្រោម៖

ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំនូវចលនា ដឹកនាំ ខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មាន ក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួក ប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។

ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលា ម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស.២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់ផ្តើមដំណើរភៀសខ្លួន ទៅ វៀត ណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំង ខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខ គឺជា ស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូល ក្នុងទឹកដីវៀត ណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាដោយបង្ហូរទឹកភ្នែកក្តុ កក្តួល ឥត ឧបមា ហើយនិយាយក្នុងចិត្តថា «អាយុ ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់ សាលា រៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតក»។

វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នា ក៏ បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួល ទាន ឡើយ។

សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅ ពេល ឆ្លងព្រំដែន កម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែន របស់ វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿ ហើយសុខចិត្តជួយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយ កម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឱ្យ ប៉ុល ពត វិញឬទេ? ការចាកចេញ នេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែល មានផ្ទៃពោះ ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិត ដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។

នោះជាពេលដែលសម មិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូ ផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកងកម្លាំងប្រដាប់ អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅ មានភ្លៀង តិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឱ្យចំ ដោយពុំមានត្រីវិស័យ ដូចនេះ ត្រូវ រង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិស ខាង កើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។

ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង ១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយ ក្រាល គ្រួស ក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុង ដៃបន្តិច បន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។
ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកង ទ័ព ការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាច ធានា បានឡើយ។

វេលាម៉ោង ១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឱ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់ មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយ ផង ដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះថា ជាក្រុមវាយឆ្មក់ ឬ ក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។

ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុម វាយ ឆ្មក់ របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូន សម្រាប់ មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង ១៦៖០០ នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបាន គេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦៖៤៥នាទី។

ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការ កង អនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។

ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេ សួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។ នោះគឺជា ពេល វេលា ដែល តានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមក ជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។

ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បាន ចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួល ស្គាល់ ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែន ជាក្រុម ដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។

ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើម ដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…៕

អត្ថបទដែលជាប់ទាក់ទង