ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យសាលារៀន បង្កើតកម្មវិធីលើកទឹកចិត្តគ្រូបង្រៀនល្អ និងសិស្សរៀនពូកែ

31

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងលើកទឹកចិត្ដ ឲ្យសាលារៀនទាំងអស់ នៅក្នុងឃុំ-ស្រុក-ខេត្ដ បង្កើតកម្មវិធីលើកទឹកចិត្ត គ្រូបង្រៀនល្អ និងសិស្សរៀនពូកែ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ការថ្លែងលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្ដបន្ថែម ឲ្យមានការចូលរួមពីសហគមន៍ ឪពុក-ម្ដាយ មាតាបិតា លោកគ្រូ-អ្នកគ្រូ និងគ្រប់ស្ថាប័នពាក់ព័ន្ធ សូមបន្ដជួយពង្រឹងការអប់រំ និងពង្រឹងការលើកទឹកចិត្ដ ដល់គ្រូបង្រៀនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកទឹកចិត្ដគ្រូ នៅក្នុងសាលានីមួយៗ ខ្ញុំគិតថា មិនចាំបាច់ ចាំក្រុមការងារ ឬមួយការវាយតម្លៃរបស់ក្រសួងទេ, ការលើកទឹកចិត្ដផ្ទៃក្នុង នៅក្នុងស្រុកនីមួយៗ ក៏អាចធ្វើ នៅក្នុងឃុំនីមួយៗ ក៏អាចធ្វើ នៅក្នុងខេត្ដនីមួយៗ ក៏អាចធ្វើ ការច្នៃប្រឌិត ព្រោះថា មានមន្ទីរ ហើយខ្ញុំឃើញខេត្ដច្រើន ក៏បានធ្វើរួចទៅហើយ»

ចំពោះការប្រឡងប្រចាំឆ្នាំ, សាលាគំរូ និងគ្រូគំរូ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដលើកទឹកចិត្ដ គាំទ្រឲ្យធ្វើជាប់ជាប្រចាំ ហើយត្រូវពង្រីកវិសាលភាព តាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សាលានីមួយៗ មានភាពជាម្ចាស់ការ, សាលាខ្លះ ឃើញមានការច្នៃ, សាលាខ្លះ ដាក់ឲ្យមានការប្រកួតប្រជែងគ្នា, សាលាខ្លះ មានរង្វាន់នៅពេលបានទិន្ទេស A ជាដើម -ល-៕

អត្ថបទដែលជាប់ទាក់ទង