ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតថ្មីចិន តាំងចិត្តយ៉ាងមុតមាំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចាត់ទុកកម្ពុជា ជាប្រទេសដែលពោរពេញដោយសក្ដានុពល

45

ភ្នំពេញ៖ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឲ្យស័ក្តិសមទៅនឹងអ្វីដែលហៅថា ទំនាក់ទំនងមិត្តដែកថែប។

ថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម ឯកឧត្ដម Wang Wenbin បានសម្ដែងនូវក្ដីសប្បាយរីករាយ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅកម្ពុជា ដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតមានសំណាងយ៉ាងល្អ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាជាច្រើនដងច្រើនសារ រាល់ពេលខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំតែងមានអារម្មណ៍ថា កម្ពុជាពោរពេញដោយសក្ដានុពលនៃការអភិវឌ្ឍសម្រាប់អនាគតដ៏ត្រចះត្រចង់»

មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតថ្មីរូបនេះបានបន្ថែមថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្រ្តយ៉ាងយូរអង្វែង ដោយលោក សុីន ជីនពីង ប្រធានាធិបតីនៃសាធាណរដ្ឋប្រជាមានិតចិន តែងតែយកសុភាសិតកម្ពុជា ប្រៀបដូចជា ដើមឈើដើម្បីពណ៌នាអំពី ទំនាក់ទំនងរវាង ចិន និងកម្ពុជា។

ឯកឧត្ដមបានរំលឹកថា សម្ដេចព្រះបរមរតនកោដ នរោត្ដម សីហនុ បានចាត់ទុកចំណងមិត្តភាពរវាងចិន និងកម្ពុជាថាជា បុប្ផាដែលមិនចេះរុះរោយ ហើយអ្វីដែលលោកចាំជាងគេនោះគឺ ចំណងមិត្តភាពរវាងចិន និងកម្ពុជា បានទទួលស្គាល់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជននៃប្រទេសទាំងពីរ ខណៈចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន បានក្លាយជាគម្រូសម្រាប់ទំនាក់ទំនងអន្តរជាតិ។

ឯកឧត្ដម Wang Wenbin ប្ដេជ្ញាថា នឹងសហការជាមួយមិត្តភក្ដិមកពីគ្រប់មជ្ឈដ្ឋានរវាងចិន និងកម្ពុជា ដើម្បីបន្តមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងខិតខំប្រឹងប្រែងឥតឈប់ និងជំរុញឲ្យសហគមន៍វាសនារួមក្នុងយុគសម័យនេះ ឲ្យទទួលបានសមទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងផ្ដល់ផលប្រយោជន៍ទៅកាន់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង