ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងស្តារ និង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤ គ្រោងនិងបញ្ចប់នៅចុងឆ្នាំ២០២៦ បច្ចុប្បន្នកំពុងសាងសង់បាន៥០ភាគរយហើយ

43

ភ្នំពេញ៖គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន៥៤,៨០% គិតត្រឹមបំណាច់ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២៦ខាងមុខនេះ ។

       គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទាន ដោយធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារអាមេរិក ដោយគ្រោងនឹងអនុវត្តចំនួន០៨ឆ្នាំ (២០១៨-២០២៦) និង អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។ ហិរញ្ញប្បទាននេះ ប្រើប្រាស់សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី និងប្រើប្រាស់សម្រាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ ព្រមទាំងបណ្តុះបណ្តាលបច្ចេកទេសដល់ស្ថាប័នរដ្ឋ។

      នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ឱ្យដឹងនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៤នេះថា៖ គម្រោងគ្រោងនឹងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន៖

១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤ គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។ ២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង ២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។ ទី ៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លងមានប្រវែង ០,៣០ គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ ។ ទី ៤-កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣ គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧ គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។ កំណាត់ទី៤ នេះបានត្រូវពន្យារពេលដោយក្រុមហ៊ុនម៉ៅការមិនបានស្ថាបនាទៅតាមពេលវេលាគ្រោងទុក ហេតុនេះក្រសួងបានលុបកិច្ចសន្យារ ហើយបានរឹបអូសយកប្រាក់កក់ចំនួនប្រមាណ ៨០០.០០០០ (ប្រាំបីរយពាន់)ដុល្លាអាមេរិក។ ក្រសួងនឹងធ្វើលទ្ធកម្មកំណាត់ទី៤នេះជាថ្មីនៅខែសីហាខាងមុខនេះ។ ទី ៥-កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង ៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។ ទី ៦- កញ្ចប់ទី៦៖ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួស ជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។ និងទី ៧-កញ្ចប់ទី៧៖ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង