ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ នៅទីក្រុងប៉ារីស នាំឲ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះសម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២

40

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ភាគជោគជ័យក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ នាំឲ្យកម្ពុជាមានឱកាសក្លាយជាម្ចាស់ផ្ទះ រៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា ពាណិជ្ជកម្ម កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។

វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នេះជាឱកាសដ៏វិសេសវិសាលពង្រឹងចំណងមិត្តភាព និងស្វែងរកសក្ដានុពលធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ វេទិកាធុរកិច្ចបារាំងកម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមធ្វើនៅទីក្រុងប៉ារីស ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋបារាំង កាលពីខែមករាកន្លងទៅ ដែលជាជំហានសំខាន់ដំបូងសម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២ នៅថ្ងៃនេះ»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរួមគ្នារវាងសភាពាណិជ្ជ និងឧស្សាហកម្មបារាំង-កម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំងប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះជាលើកទី២។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឲ្យ កា ន់តែស៊ី ជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាព ដែល ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់អ្នកជំនាន់ក្រោយៗទៀត។ សម្ដេចក៏ជឿថា ធុរជនបារាំងនឹង អាច មើលឃើញពី កាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគ របស់កម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើន ឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០ ២ ៣ និង២០៦,៤១លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង