ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រកាសស្រាវជ្រាវរកអ្នកមានអំណាចនៅពីក្រោយការជួញដូរគ្រឿងញៀន២០គីឡូ ដែលនាំចូលដោយជនជាតិនីហ្សេរីយ៉ា តាមព្រំដែនកម្ពុជា-វៀតណាម

36

បាត់ដំបង៖ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបន្ដធ្វើការស្រាវជ្រាវ ដើម្បីវែកមុខអ្នកមានអំណាចនៅពីក្រោយការជួញដូរគ្រឿងញៀនប្រមាណ២០គីឡូក្រាម ដែលនាំចូលដោយជនជាតិនីហ្សរីយ៉ា ហើយត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបនៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តស្វាយរៀង។

ការបង្ហើបរឿងអ្នកនៅពីក្រោយ ជាមួយនឹងបទបញ្ជារបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបុគ្គលិក ជនរងគ្រោះដោយសារគ្រឿងញៀន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀនលើកទី៤ ជូនជនរងគ្រោះដោយសារគ្រឿងញៀន ដែលកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងពិធីនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាង២០គីឡូក្រាម ដោយឧក្រិដ្ឋជនជាជនជាតិនីហ្សេរីយ៉ានេះ កម្លាំងជំនាញស្រាវជ្រាវរកឃើញថា មានអ្នកមានអំណាចនៅពីក្រោយ ហើយក៏មានការបញ្ជាទិញច្បាស់លាស់ពីទីតាំងក្លឹបកម្សាន្ដមួយចំនួន និងបណ្ដាញមួយចំនួនទៀត មាននៅរាជធានីភ្នំពេញតែម្ដង។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «នៅព្រំដែនកម្ពុជាវៀតណាម មានជនជាតិស្បែកខ្មៅនីហ្សេរីយ៉ាម្នាក់ នាំគ្រឿងញៀនប្រមាណជាង២០គីឡូក្រាមចូលកម្ពុជា។ អ៊ីចឹងយើងបានស្រាវជ្រាវទៅ ទី១៖ មានការទំនាក់ទំនងនៅភ្នំពេញ, ទី២៖ មានការកម្មង់ទិញតាមបណ្ដាក្លឹបកម្សាន្ដសប្បាយមួយចំនួន, ទី៣៖ មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយ។ បច្ចុប្បន្នយើងកំពុងធ្វើការងារនេះបញ្ច្រាសទិសវិញ អ្នកណាលូកលាន់ ត្រូវតែរកឲ្យឃើញ ហើយជាពិសេសដាក់ទោសទណ្ឌតាមច្បាប់។ខារ៉ាអូខេ និងកន្លែងសប្បាយណាខ្លះដែលប្រើប្រាស់»

សូមរំលឹកថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីដើមខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ដោយកម្លាំងនគរបាលជំនាញចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ជាមួយគ្រឿងញៀនជាង២០គីឡូក្រាម នៅព្រំដែនកម្ពុជា-វៀតណាម។ បច្ចុប្បន្នឧក្រិដ្ឋជន រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង