ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្នើគណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ជាប់ជាប្រចាំ ហើយបន្តពង្រីកវិសាលភាពនៃកម្មវិធីនេះ ឱ្យបានច្រើន

35

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្នើដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ឱ្យបានជាប់ជាប្រចាំ ហើយបន្តពង្រីកវិសាលភាពនៃកម្មវិធីនេះ ឱ្យបានច្រើនបន្ថែមទៀត ។

លោកជំទាវបណ្ឌិត ថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ ចំនួន ៦៣០ អង្គ/នាក់ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា, អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ ។

ជាមួយការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមកម្មវិធីអប់រំនោះដោយជោគជ័យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយព្រះសិរីកោសល សុំ សុខា បានចូលរួមចំណែកដល់ការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការជម្រះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងផ្តល់នូវក្តីមេត្តាធម៌ ដែលជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព ។ លោកជំទាវបណ្ឌិត បានមានបញ្ជាក់ផងដែរថា ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា ។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ក៏ដូចជា គណៈសង្ឃនាយក រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសព្រះសិរីកោសល សុំ សុខា ព្រមទាំងព្រះគ្រូធម្មាចារ្យគ្រប់រូប និងពុទ្ធបរិស័ទទាំងអស់ ដែលបានសហការ ខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ហើយបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះ បានជួយចែករំលែក និងបង្ហាត់បង្រៀននូវរាល់ចំណេះដឹងបន្ថែម ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់របស់ជាតិយើង តាមរយៈការបើកវគ្គបំបួស អប់រំសីលធម៌ គុណធម៌ព្រះពុទ្ធសាសនាដល់កុលបត្រ កុលធីតាខ្មែរ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ ។

ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានទេយ្យវត្ថុ និងបច្ចេយមួយចំនួន ទៅប្រគេនថ្វាយសម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន អ.ម.ត យុវជនស.ស.យ.ក និងយុវជនសមាគមន៍ក្មេងវត្តផងដែរ ។

សូមជម្រាបជូនផងដែរថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ បានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេល ៤ឆ្នាំ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់។

កម្មវិធីនេះ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ព្រះសិរីកោសល សុំ សុខា មានសង្ឃដីកាថា ឆ្នាំនេះសិក្ខាកាម ដែលមកចូលរួមកម្មវិធីបួសនៅវត្តភ្នៀតសិម្ពលី ខាងរាជធានីភ្នំពេញ ច្រើនជាងគេ មានចំនួន ៣៨៩នាក់ ខណៈសិក្ខាកាមចូលរួម ពី ១៧ រាជធានី-ខេត្ត សរុបទៅមានចំនួន ៦៣០រូប ។ នៅក្នុងនោះមានបួសជាព្រះសង្ឃ ២៧០ អង្គជាសាមណេ រីឯបួសជាសីលវតីមាន ៣៦០រូប។

បុរសដែលបានបួសហើយ លាចាកសិក្ខាបទទៅវិញនៅថ្ងៃទី ៧ ប៉ុន្តែនៅសល់ ៩០អង្គដែលមិនលាចាកសិក្ខាបទទេ។ រីឯសីលវតី លាចាកសិក្ខាបទត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ប្រកបរបររកទទួលទានចិញ្ចឹមជីវិត៕

អត្ថបទដែលជាប់ទាក់ទង