ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ្រូកកណ្តុរលើខ្នងភ្នំគូលែនជា ជ្រូកពីដូនតារបស់អ្នកស្រុក និងជាទីល្បីល្បាញ់ថា មានរស់ជាតិឆ្ងាញ់

43

ភ្នំពេញ៖  ភ្នំគូលែនជាទីតាំងប្រវត្តិសាស្ត្រ និងក៏ជាភ្នំ សក្ការបូជានៅក្នុង ប្រទេសកម្ពុជា ។ នៅ ទីតាំង ដ៏ ពិសិដ្ឋមួយ នេះបាន បន្សល់ទុកនូវប្រាសាទបុរាណនិងស្ថានីយ៍ បុរាណ ជាច្រើន កន្លែង ។ ក្រៅពីនេះ ក៏មាន តំបន់ ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យ ជាច្រើន កន្លែង ទៀត។ក្រៅពីរបស់ពិសេសទាំងនេះនៅលើខ្នងភ្នំគូលែនក៏មានប្រជាពលរដ្ឋចិញ្ចឹមជ្រូកកណ្តុរ ដែលជាជ្រូកមួយប្រភេទត្រូវបានគេចិញ្ចឹមតគ្នាពីដូនតាយូរយាមកហើយ។

          ជ្រូកកណ្តុរ ជាប្រភេទជ្រូកកំពុងមានឈ្មោះបោះសម្លេងក្នុងស្រទាប់អ្នកបរិភោគ និងបើគេនិយាយពីទីផ្សារវិញក៏ល្អដែរពីព្រោះជ្រូកប្រភេទនេះគេចូលចិត្តយកមកធ្វើជាជ្រូកខ្វៃ ឬជ្រូកអាំងពេញនិយមណាស់ដោយសារវាមានរស់ជាតិឆ្ងាញ់ ពុំសូវមានខ្លាញ់។ជ្រូកកណ្តុរជាប្រភេទជ្រូកកាត់ជ្រូកស្រុក និង ជ្រូកព្រៃ ហើយការចិញ្ចឹមទៀតសោតមានលក្ខណៈបែបធម្មជាតិពោលគឺភាគច្រើនគេលែងតាមព្រៃភ្នំ។

       សូមបញ្ជាក់ថា៖ ពូជជ្រូកប្រចាំសហគមន៍មូលដ្ឋានកំពុងមានឈ្មោះបោះសម្លេង និង មានទីផ្សារល្អក្នុងប្រទេសកម្ពុជាយើងគឺពូជភ្នំគូលែន ឬ ហៅថាជ្រូកកណ្តុរ និងពូជជ្រូកមួយប្រភេទទៀតគឹពូជជ្រូកឦសាន ដែលជាពូជជ្រូកជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។

      ជ្រូកកណ្តុរគឺជាជ្រូកងាយចំណាំ ដោយវាមានលក្ខណៈទ្រង់ទ្រាយដូចជា៖មានច្រមុះស្រួច ជើងតូច ត្រចៀកតូច ហើយបើខុសលក្ខណៈនេះគឺជាជ្រូកធម្មតាទេ។តាមធម្មជាតិជ្រូកកណ្តុរចិញ្ចឹមតាមបែបធម្មជាតិ ទាំងស្បែក និងសាច់មានរសជាតិឆ្ងាញ់ ជាងជ្រូកស្រុក។

       លោក ឈឿម តាំង មេឃុំខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅថ្ងៃនេះថា កាលពីមុនមក ពលរដ្ឋជាច្រើនស្ទើរសឹងទាំងអស់ឬប្រមាណជិត៩០ភាគរយហើយ ដែលរស់នៅលើ ខ្នងភ្នំគូលែនបាននាំគ្នាចិញ្ចឹមជ្រូកកណ្តុរ តែបច្ចុប្បន្នបានធ្លាក់ចុះច្រើន និងបើគិតនៅសល់តែប្រមាណប្រមាណ៤០ទៅ៥០ភាគរយប៉ុណ្ណោះ។សម្រាប់តម្លៃជ្រូកទៀតសោតកាលពីមុន ជ្រូកចាប់ពី៦ទៅ១០គីឡូក្រាមលក់បានប្រមាណ៤០ម៉ឺនរៀលតែបច្ចុប្បន្នលក់បានត្រឹមតែ២៥ទៅ២៨រៀលទេ។

    មេឃុំរូបនេះបានពន្យល់ថាការថយចុះនៃការចិញ្ចឹមជ្រូកកណ្តុរដោយសារកត្តាធំបំផុតគឺការរាតត្បាតជំងឺ តែយ៉ាងណាជ្រូកប្រភេទនេះនៅតែលក់ដាច់នៅលើទីផ្សារពិសេសជ្រូកកណ្តុរអាំង និងគេទិញយកទៅចិញ្ចឹមបន្តនៅតាមខេត្តដទៃទៀត។

   លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំលើខ្នងភ្នំគូលែន បានឱ្យដឹងនៅថ្ងៃទី០៩ ខែកក្ដដាឆ្នាំ២០២៤នេះថាការចិញ្ចឹមជ្រូកកណ្តុររបស់ពលរដ្ឋសហគមន៍ កាលពីមុនមកចិញ្ចឹមបែបលែង តែបច្ចុប្បន្នការចិញ្ចឹមបានផ្លាស់ប្តូរច្រើន ដោយសារអ្នកខ្លះបានងាកពីការចិញ្ចឹលែងមកចិញ្ចឹមដាក់ទ្រុងវិញ។ជ្រូកប្រភេទនេះដើមឡើយគេលែងវាដើម្បីបង្កាត់ពូជជាមួយជ្រូកព្រៃ ដែលធ្វើឱ្យជ្រូកប្រភេទនេះខុសពីជ្រូកស្រុកដោយសារវាមានខ្លាញ់តិចទើបធ្វើឱ្យមានរស់ជាតិឆ្ងាញ់ និងជាទីល្បីឈ្មោះរហូតមកដល់សព្វថ្ងៃ។

    លោក ស៊ឹម សុខ ជាប្រជាសហគមន៍រស់នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេលស្ថិតនៅ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថាគាត់ជាអ្នកចិញ្ចឹមជ្រូកកណ្តុរក្រៅពីដើម្បីលក់កូន ហើយនៅលក់ឱ្យឈ្មួញសម្រាប់អាំងឬខ្វែ និងពេលខ្លះបាននាំចេញកូនជ្រូករស់ទៅលក់ទៅតាមបណ្តាខេត្តមួយចំនួនទៀតនៅកម្ពុជា។

  ដោយឡែក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ ថាជ្រូកកណ្តុរគឺត្រូវបានប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែនជាច្រើនបានចិញ្ចឹមពិតមែន តែក៏មិនបានចិញ្ចឹមលក្ខណៈទ្រទ្រង់ធំដែរ ពោលគឺមួយផ្ទះមានមេ៤ទៅជិត១០ក្បាល តែជ្រូកនេះមានតម្លៃថ្លៃផ្តល់នូវផលកម្រៃគួរសមសម្រាប់ពួកគាត់។

      សូមបញ្ជាក់ថាតាមបទពិសោធន៍អ្នកចិញ្ចឹមកន្លងមកបើក្នុងនេះគេមាន មេជ្រូកកណ្តុរ១០ក្បាល នោះអាចផ្តល់កូនជ្រូកសម្រាប់លក់និងលក់ជាជ្រូកអាំង ឬជ្រូកខ្វៃ ហើយបើគិតក្នុងមួយឆ្នាំអាចរកចំណូលជាប្រាក់ចំណេញ បានខ្ទង់ពី៣០០០-៤០០០ដុល្លារ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង