ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាស្តង់កូនឈើចម្រុះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ

38

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាប់អារម្មណ៍ និងអញ្ជើញមកទស្សនាស្តង់កូនឈើចម្រុះដោយផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង»និងវេទិកាកេសរកូលជាតិលើកទី៤ ដែលរៀបចំដោយក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងការឱកាសអញ្ជើញទស្សនាស្តង់ ព្រមទាំងស្តង់កូនឈើចម្រុះនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញការសប្បាយរីករាយ ទឹកមុខញញឹមស្រស់ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាង ទៅលើប្រភេទរុក្ខជាតិចម្រុះដែលបានយលតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ផងដែរ។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំពិធីដ៏ធំនេះឡើងរយៈពេល ៣ថ្ងៃ នៅមុខទីស្តីការក្រសួងផ្ទាល់ ដែលមានការចូលរួមតាំងពិព័រណ៍កូនឈើ និងបង្ហាញថ្នាលបណ្តុះកូនឈើគំរូពីមន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ប្រភេទនានា នៃកេសរកូលព្រៃកម្ពុជា និងប្រភេទពូជបង្កាត់ពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននិងបណ្តាញអ្នកស្រលាញ់កេសរកូល រូបភាពស្អាតៗនិងពិសេសៗ ពីក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា ផលិតផលចម្រុះពីបណ្តាញភូមិ១ ផលិតផល១ ផលិតផលចេញ ពីជីវៈចម្រុះរបស់សហគមន៍តំបន់ការពារធម្មជាតិ និងសមិទ្ធផលក៏ដូចសកម្មភាពការងាររបស់អគ្គនាយកដ្ឋានទាំង៦ ចំណុះក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជនសមាគមន៍អេកូទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតជាង ១៦០ស្តង់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា មានកូនឈើនៅទីនេះ សម្រាប់ចែកជូនប្រមាណ ៣៣,៦៥៤ដើមដែលបានមកពីមន្ទីរបរិស្ថានរាជធានីខេត្ត និងអង្គការដៃគូមួយចំនួនបានចូលរួមចំណែកផ្តល់កូនឈើចំនួន ៧,០០០ដើម សហគ្រាសឯកជន ចំនួន ៣០០០ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៦៥៤ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនស្ថាប័ននានា និងប្រជាពលរដ្ឋទូទៅដែលបានស្នើសុំមកក្រសួង និងមន្ទីរបរិស្ថានកន្លងមក និងស្នើសុំផ្ទាល់ក្នុងអំឡុងពេលពិព័រណ៍នេះដែលចែកជា ៤ប្រភេទសំខាន់ៗ រួមមានឈើប្រណិត (១១ប្រភេទ) ឈើហូបផ្លែ(១៣ប្រភេទ) កូនឈើព្រៃលិចទឹក(១ប្រភេទ) និងកូនឈើលម្អ (១៧ប្រភេទ)៕

អត្ថបទដែលជាប់ទាក់ទង