ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាប បង្គំគាល់ ព្រះមហាក្សត្រថៃ និងព្រះអម្ចាស់ក្សត្រី

45

បាងកក៖នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក។

សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវព្រះអំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រ និងព្រះអម្ចាស់ក្សត្រី សព្វព្រះរាជហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនេះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ជ្រាលជ្រៅនៃរាជវង្សានុវង្សប្រទេសទំាងពីរ ទំនាក់ទំនងស្អិតល្មួតរវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល រដ្ឋសភានិងរដ្ឋសភា ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សា ពូនជ្រំ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឥតឈប់ឈរជារៀងរហូតមក ប្រកបដោយភាពធន់ និងស៊ីជម្រៅ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្វាយនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយការសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះមហាក្សត្រថៃ ដែលនាពេលកន្លងមកបានប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា ក៏បានក្រាបបង្គំថ្លែងអំណរព្រះគុណព្រះករុណា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គ ប្រជាពលករកម្ពុជារាប់សិបម៉ឺននាក់ ដែលកំពុងរស់នៅ និងប្រកបការងារនៅប្រទេសថៃ បាននិងកំពុងទទួលការយកចិត្តទុក្ខដាក់ ថែទាំ និងរស់នៅពេញមុខពេញមាត់ ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាពសុខដុមរម្យនា។

សម្តេចរដ្ឋសភាធិបតី ក៏បានទូលថ្វាយព្រះអង្គ អំពីលទ្ធផលដ៏ថ្លៃថ្លានៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសថៃ ដោយរដ្ឋសភានៃប្រទេសទាំងពីរ បានឯកភាពគ្នា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សំដៅជំរុញនិងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ និងបានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការថ្វាយ ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយកម្លាំងពលំ មាំមួន និងសុភមង្គលគ្រប់ទិនទិវាជានិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង