ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុន សែន៖ផ្លល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនិងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់

55

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនិងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

  លោកម៉េត មាសភក្តី បានមានប្រសាសន៍អោយដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយឯកឧត្ដមឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៥នាក់ បន្តទទួលបានប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗចំនួន២កម្លេ។

   លោកម៉េត មាសភក្តី បានបន្ត ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស)នេះ ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

  លោកម៉េត មាសភក្តី ក្នុងឱកាសនោះដែរ ក៏បានជូនពរអោយបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ ជៀសវាងនឹងជម្ងឺផ្សេងៗ តែបើមានជម្ងឺបងប្អូនក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះតែបងប្អូន ប័ណ្ណមូលនិធិសមធម៌សុខាភិបាលដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

  លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងលោកពូរស់ អ៊ាង ភេទ ប្រុស អាយុ៦៦ឆ្នាំ បានមានប្រសាសន៍ស្រដៀងគ្នាថា៖ លោកពូទាំង២នាក់ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថមដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគនិងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំនិងភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះនៅបានផ្តល់ប័ណ្ណសមធម៌(ប. ស. ស)ដែលអាចអោយពួកគាត់ទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។

     គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ទៅ៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង