ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង ៖ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ អាជ្ញាធររាជធានីភ្នំពេញរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រដោយប្រគុំតន្ត្រីមានអ្នកចូលរួម១ម៉ឺននាក់បាញ់ កាំជ្រួច២លើក

96

ភ្នំពេញ៖នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ។

  នេះជាការអះអារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅកិច្ចប្រជុំមួយត្រៀមរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដែលកិច្ចប្រជុំនេះក៏មានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយមានការទូងស្គ ទះប៉ោត អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ។

  ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនះ។

  ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះដែរ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះអោយបានល្អ ដោយរៀបចំអោយមានជាទីបញ្ជាការស្រាល តូច ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យអោយបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចូលរួម។

   គួរបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង