ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មួយប្រុសប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូណេស៉ី ត្រូវតែងតាំងជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ

69

ហ្សាការតា៖ប្រធានាធិបតីចាំផ្ទះឥណ្ឌូណេស៉ី លោក Joko Widodo ឬ Jokowi នឹងតែងតាំងលោក Thomas Djiwandono ដែលត្រូវជាក្មួយប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ឱ្យធ្វើជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤។

លោក Sufmi Dasco Ahmad សមាជិកជាន់ខ្ពស់នៃគណបក្ស Gerindra របស់លោក Prabowo បានបង្ហើបអំពីដំណឹង ខាងលើ ហើយបានបន្ថែមថា លោក Djiwandono នឹងបន្តកាន់តួនាទីជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុដដែល នៅពេលលោក Prabowo ឡើងកាន់អំណាចជាផ្លូវការ ក្នុងពេលប៉ុន្មានខែទៀត។ បើតាមលោក Dasco ការតែងតាំងនេះ គឺដើម្បីជួយឱ្យការធ្វើអន្តរកាល រដ្ឋាភិបាល ពីរដ្ឋបាលរបស់លោក Jokowi ទៅរដ្ឋបាលលោក Prabowo មានភាពរលូន។ លោក Djiwandono នឹងធ្វើការ ជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៉ី លោកស្រី Sri Mulyani Indrawati។

គួរបញ្ជាក់ថា លោក Djiwandono បានដើរតួនាទីជាអ្នកនាំពាក្យចម្បង របស់លោក Prabowo ពាក់ព័ន្ធគោលនយោបាយ សារពើពន្ធ ហើយពីមុនមកធ្លាប់បម្រើការងារ ក្នុងក្រុមហ៊ុនមូលបត្រមួយ នៅទីក្រុងហុងកុង និងឱ្យសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៉ី Arsari Group ដែលដឹកនាំដោយប្អូនប្រុសលោក Prabowo គឺលោក Hashim Djojohadikusumo។ មិនតែប៉ុណ្ណោះ លោក Djiwandono ក៏មានឋានៈជាអគ្គហេរញ្ញិក នៃគណបក្ស Gerindra ផងដែរ។ លោក Prabowo នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅខែតុលាខាងមុខ ខណៈអនុប្រធានាធិបតីជាប់ឆ្នោតរបស់លោក គឺត្រូវជាកូនប្រុសច្បងរបស់លោក Jokowi៕

អត្ថបទដែលជាប់ទាក់ទង