ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តឧត្តរមានជ័យ ណែនាំទុកជាមុនដល់កម្លាំងសមត្ថកិច្ចត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានទឹកជំនន់កើតឡើង

46

ឧត្តរមានជ័យ៖ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជាប្រចាំតាមមូលដ្ឋានរបស់ខ្លួន និងត្រូវត្រៀមកម្លាំង និងសម្ភារប្រចាំការជាប់ជានិច្ច ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងជាយហេតុ អាចជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ការណែនាំរបស់ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ចំណុចអាងទឹកទំនប់ថ្មី ស្ថិតនៅភូមិគោកសំព័រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអមដំណើរពីលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ក្រៅពីការចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកទំនប់ថ្មី ក្នុងស្រុកអន្លង់វែងឯកឧត្ដមមាន ចាន់យ៉ាដា ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែងទាំង២ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ ដែលជាអាងស្តុបទឹកដ៏ធំបំផុតរបស់ខេត្ត ដែលមានសក្តានុពលស្រោចស្រពដីកសិកម្ម នៃខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្នទោះជាស្ថានភាពកម្ពស់ទឹកនៅតាមអាងស្តុកទឹក នៅតាមទំនប់មិនមានបញ្ហាអ្វីក៏ដោយ តែមន្ដ្រីជំនាញមិនត្រូវធ្ធ្វេសប្រហែសនោះឡើយ ផ្ទុយទៅវិញត្រូវយកចិត្តទុកដាក់ដាក់តាមដានជាប់ជាប្រចាំចំពោះស្ថានភាពទឹក។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងត្រូវត្រៀមប្រចាំការជាប់ជានិច្ច ដើម្បីអន្តរាគមន៍ ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុ។

ជាមួយគ្នានេះឯកឧត្ដមមាន ចាន់យ៉ាដា បានអំពាវនាវប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងទឹក ទំនប់ បឹង សូមបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច និងណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស។

បើតាមលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ថ្លែងបញ្ជាក់ថា ដោយសារទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ស្ថានភាពទឹកនៅស្រុកអន្លង់វែងបច្ចុប្បន្ននេះ ទឹកកម្រិតកម្ពស់ក្នុងអាង៣.៦៤ម៉ែត្រ កម្រិតឲ្យមានការប្រុងប្រយ័ត្ន៣.៥០ម៉ែត្រ និងកម្រិតត្រូវប្រកាសអាសន្នកម្ពស់៤.៥០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង