ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖ជាថ្នាក់ដឹកនាំ ជាមេគេ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីរាជការក្រោមឱវាទ ជាមួយនិងការសម្របសម្រួល ដោះស្រាយនូវគ្រប់បញ្ហា

38

ភ្នំពេញ៖ជាថ្នាក់ដឹកនាំ ជាមេគេ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីរាជការក្រោមឱវាទ ជាមួយនិងការសម្របសម្រួល ដោះស្រាយនូវគ្រប់បញ្ហា និងត្រូវមានគុណសម្បត្តិ ៤យ៉ាង នោះគឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សាធារណៈ។

  នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដមនិងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាពក្នុង “វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍ថា៖ វគ្គបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំនេះបានធ្វើឡើងចំនួន០២ដងរួចមកហើយ ដោយលើកទី១ នៅខែកក្កដា ឆ្នាំ២០២២ និងលើកទី២នៅខែសីហា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវជាទស្សនទានដ៏មានអត្ថន័យ ដែលជួយបណ្តុះស្មារតីទទួលខុសត្រូវ ការរៀបចំ ផែនការអនុវត្តការងារ និងបានជំរុញលើកទឹកចិត្ត ព្រមទាំងបង្ហាញពីគន្លឹះក្នុងការរៀបចំខ្លួនរបស់បុគ្គលិក-មន្ត្រី រាជការម្នាក់ៗ ឱ្យបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណតម្លៃ ក្នុងអាជីពការងាររបស់ខ្លួន។

  ឯកឧត្ដមអភិបាលរងរាជធានីបានបន្តទៀតថា៖ នៅក្នុងស្ថាប័នរដ្ឋក្តី ឬស្ថាប័នឯកជនក្តី តែងតែមាននូវយន្តការគ្រប់គ្រងបុគ្គលិក ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាព និងប្រសិទ្ធផលការងារ។ នៅក្នុងវិស័យរដ្ឋបាល សាធារណៈការគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ គឺត្រូវអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាជាធរមាន ក្នុងនោះ ត្រូវអនុវត្តគោលការណ៍ «ឋានានុក្រម» ដែលមានន័យថា បុគ្គលិក-មន្ត្រីរាជការ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលនូវបទបញ្ជា ឬការណែនាំផ្សេងៗ ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយថ្នាក់ដឹកនាំ ត្រូវបែងចែកនូវភារកិច្ច និងការទទួលខុសត្រូវ ជូនបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ ទៅតាមសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងឧបនិស្ស័យ នៃបុគ្គលិក-មន្ត្រីរាជការនីមួយៗ។

   ឯកឧត្ដមកើត ឆែ បន្ថែមទៀតថា៖ ក្នុងនាមថ្នាក់ដឹកនាំ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីជការក្រោម ឱវាទ និងត្រូវសម្របសម្រួល ដោះស្រាយនូវគ្រប់បញ្ហាទាំងឡាយ ដែលកើតមានឡើង ប្រចាំថ្ងៃ។ ដើម្បីមាន គុណវុឌ្ឍទាំងអស់នេះ ថ្នាក់ដឹកនាំ មិនមែនគ្រាន់តែត្រូវអនុវត្តតាមច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពនោះទេ ប៉ុន្តែថែមទាំងត្រូវស្វែងយល់អំពីចិត្តសាស្ត្រ និងវិធីសាស្ត្រ ក្នុងការដឹកនាំ និងបង្កើនផលិតភាពការងារ ដែល សុទ្ធសឹងជា «ជំនាញទន់» ដើម្បីធានាបានថា បុគ្គលិក-មន្ត្រីរាជការទាំងអស់បានយកអស់កម្លាំងកាយចិត្ត ក្នុង ការបំពេញការងារ ជាប្រយោជន៍ដល់អង្គភាព និងលុះដោយគុណសម្បត្តិ ចំនួន ៤ យ៉ាង នោះគឺ (១) ឆន្ទៈម្ចាស់ការ (២) ភក្តីភាព (៣) មនសិការវិជ្ជាជីវៈ និង (៤) វប្បធម៌សាធារណៈ។ លើសពីនេះទៀត ថ្នាក់ដឹកនាំអង្គភាព ក៏ត្រូវជាអ្នកដែលរៀបចំផែនការការងារបានល្អិតល្អន់ និងចេះ បែងចែកការងារជូនមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាមានយន្តការតាមដានការងារ ការលើកទឹកចិត្ត កែលម្អ សម្របសម្រួល រកវិធីទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហានៅទីកន្លែងបំពេញការងារ ដើម្បីធានាបាននូវភាពសុខដុម- នីយកម្ម ក្នុងទីកន្លែងបំពេញការងារ។

  ឯកឧត្ដមកើត ឆែ បញ្ជាក់ថា៖ ដើម្បីក្លាយជាមេដឹកនាំ ឬ «មេគេ» យើងត្រូវមានគុណសម្បត្តិយ៉ាងហោចណាស់បី គឺ ១ សមត្ថភាព(ទទួលបានការបណ្តុះបណ្តាល និងមានចំណេះដឹងក្នុងការស្វែងយល់អំពីការងារ និង មានភាពឈ្លាសវៃ, គំនិតផ្តួចផ្តើម និងនវានុវត្ត ដើម្បីសម្រេចការងារមួយ ប្រកបដោយគុណភាព និងប្រសិទ្ធផលខ្ពស់)។ ២ បទពិសោធន៍ការងារ (ធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ការងារទាំងល្អ ទាំងមិនល្អ ដែលបទពិសោធន៍ ទាំងនេះ គឺជាទុន ដើម្បីបំពេញការងារទៅថ្ងៃមុខ)។ ៣ សុខភាពល្អ (ត្រូវថែរក្សាសុខភាព, មានរបបហាត់ប្រាណទៀងទាត់ ដើម្បីឱ្យមានភាពរហ័សរហួន ការបំពេញការងារបានល្អ)៕

អត្ថបទដែលជាប់ទាក់ទង