ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួយសាងសង់ស្ពានថ្មមួយកន្លែង ឆ្លងកាត់ស្ទឹងសែន ដើម្បីជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

48


កំពង់ធំ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជា បានសម្រេចជាគោលការណ៍ សាងសង់ស្ពានថ្មមួយកន្លែង ប្រវែង១៣០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន ជូនប្រជាពលរដ្ឋឃុំឈូក និងឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ដឹកជញ្ជួនកសិផល ពិសេសឲ្យក្មួយៗសិស្សានុសិស្សងាយស្រួលឆ្លងទៅមក ដើម្បីទៅសិក្សារៀនសូត្រ។
ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ប្រកាសឲ្យដឹងជាផ្លូវការ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន៣០០គ្រួសារ រស់នៅក្នុងស្រុកប្រាសាទសំបូរ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ស្ពានដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូននេះមានតម្លៃធំធេង និងផ្ដល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានឡើយ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រោះបានបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជួនកសិផលទៅកាន់ទីផ្សារ ពិសេសទៀតនោះស្ពាននេះលែងឲ្យសិស្សានុសិស្ស លំបាកត្រូវជិះទូកឆ្លងទឹកទៅរៀនដូចមុនទៀតឡើយ។
លោកជំទាវបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែនដីឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ ព្រោះរដូវវស្សានាឆ្នាំនេះទឹកធំជាងបណ្ដាឆ្នាំមុនៗ ដើម្បីបញ្ជៀសឲ្យបានទាន់ពេលវេលា ចំពោះហានិភ័យដែលអាចកើតមានជាយថាហេតុពិសេសសុវត្ថិភាពប្រជាពលរដ្ឋ និងកុមារតូចៗ។
លោកជំទាវបណ្ឌិត ជា សិរី ក៏បានអំពាវនាវឲ្យប្រជាជនដែលមានបញ្ហា ជំងឺភ្នែក ត្រចៀក និងច្រមុះ ប្រញាប់ទៅពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃនៅភ្នំពេញពីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូស្ដ្រាលី ហើយរាល់ការចំណាយនានា និងការស្នាក់នៅជាការបន្ទុកផ្ទាល់របស់ក្រុមការងារស្ម័គ្រចិត្តរបស់ធនាគារជាតិ នៃកម្ពុជា ជាអ្នកដោះស្រាយ។
សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទាំង៣០០គ្រួសារ ទទួលបាននាពេលពេលនោះមាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង