ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូឡូញអះអាងថា ដ្រូនរុស្ស៊ីទំនងជាបានចូលដែនអាកាសខ្លួន កំឡុងការវាយប្រហារលើអ៊ុយក្រែន

34

វ៉ាស៊ូវី៖ប៉ូឡូញបាននិយាយនៅថ្ងៃចន្ទថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) មួយគ្រឿង ទំនងជារបស់រុស្ស៊ី បានចូលដែនអាកាសរបស់ខ្លួន កំឡុងពេលមានការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានបន្ថែមថា យន្តហោះនេះអាចនឹងបានចុះចតនៅលើទឹកដីប៉ូឡូញ ហើយការស្វែងរកកំពុងតែបន្ត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។
ប្រទេសសមាជិក NATO មួយនេះ បានដាក់ការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្ថុដែលចូលក្នុងដែនអាកាសរបស់ខ្លួន ចាប់តាំងពីមានករណីមីស៊ីលរបស់អ៊ុយក្រែនមួយគ្រាប់បានធ្លាក់ចំភូមិ Przewodow នៅភាគខាងត្បូងប្រទេសប៉ូឡូញ ដែលបានសម្លាប់មនុស្សពីរនាក់ក្នុងឆ្នាំ២០២២។
ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលជាង ១០០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រមាណ ១០០គ្រឿង លើទឹកដីអ៊ុយក្រែន ក្នុងអំឡុងពេលម៉ោងរវល់នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ និងបំផ្លាញរោងចក្រថាមពលជាច្រើនទូទាំងប្រទេស។
អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការរបស់កងទ័ពប៉ូឡូញ បានប្រាប់ Reuters ថា «យើងសន្មត់ថាវាជាយន្តហោះគ្មានមនុស្សបើកមួយ ពីព្រោះគន្លងហោះហើរ និងល្បឿនបង្ហាញថាវាមិនមែនជាមីស៊ីលទេ»។ លោកបានបន្ថែមថា វត្ថុនេះកំពុងត្រូវបានស្វែងរកដោយទាហាន ១០០នាក់នៅលើគោក និងឧទ្ធម្ភាគចក្រមួយគ្រឿង។
ប៉ូឡូញបាននិយាយថា វាមិនទាន់អាចសន្មត់ក្នុងការនិយាយថា តើវត្ថុនោះជារបស់រុស្ស៊ី ឬអ៊ុយក្រែនទេ ព្រោះស្ថានភាពអាកាសធាតុមិនអនុញ្ញាតឱ្យមានការកំណត់អត្តសញ្ញាណដោយមើលឃើញ។
បន្ថែមពីនេះ ប៉ូឡូញបានបញ្ជាក់ថា វត្ថុដែលសង្ស័យថាជាដ្រូននោះ បានចូលដែនអាកាសរបស់ខ្លួននៅម៉ោង ០៤:៤៣នាទី (ម៉ោងសកល) នៅជិតទីក្រុង Chervonohrad របស់អ៊ុយក្រែន។ ប៉ុន្តែប្រព័ន្ធរ៉ាដាបានបាត់បង់សញ្ញាវត្ថុនេះ នៅម៉ោង ០៥:០០នាទី (ម៉ោងសកល) ដោយបន្ថែមថា វាអាចទៅរួចដែលវាបានចាកចេញពីដែនអាកាសរបស់ប៉ូឡូញ ហើយមិនមានរបាយការណ៍អំពីការផ្ទុះណាមួយឡើយ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ និងខែមេសា ឆ្នាំ២០២៣ ក៏មានករណីស្រដៀងគ្នានេះកើតឡើងផងដែរ ដោយមានវត្ថុយោធា ត្រូវបានគេរកឃើញនៅក្នុងព្រៃមួយក្នុងប្រទេសប៉ូឡូញ ដែលក្រោយមក វាត្រូវបានគេរាយការណ៍ថា ជាមីស៊ីលរបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង