រដ្ឋសភា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ចំនួន១រូប
ភ្នំពេញ៖អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ចំនួន(១រូប) ជំនួស សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ។
តាមរយៈសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ឥស្សរជនដែលមានបំណងឈរឈ្មោះ ជាបេក្ខជនក្នុងការជ្រើសតាំងនេះ ត្រូវទទួលពាក្យ និងដាក់ពាក្យសុំឈរ ឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយមានភ្ជាប់មកជាមួយនូវ៖
*១៖ ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ច្បាប់
*២៖ លិខិតបញ្ជាក់ថា ជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមាន បទពិសោធន៍ការងារ យ៉ាងតិច១៥ឆ្នាំឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ ០១ច្បាប់
-៣៖ មានលិខិតថ្កោលទោស (អាចផ្តល់ឱ្យបានត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤) ០១ច្បាប់
-៤៖ រូបថតទំហំ ៤x៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតា ០៣សន្លឹក
អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ(រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ពេលព្រឹក ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ១១៖៣០នាទី ពេលរសៀល ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖៣០ នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង
ហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕