ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីស៊ីលមួយគ្រាប់ បាញ់ចេញពីយេម៉ែន ធ្លាក់ចំភាគកណ្ដាលប្រទេសអ៉ីស្រាអែល

45

ហ្ស៊េរុយសាឡិម៖ យោធាអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះ បានអះអាងថាមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីប្រទេសយេម៉ែន បានធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅ មួយកន្លែង ស្ថិតនៅភាគកណ្ដាលនៃប្រទេស ដោយមិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅព្រឹកថ្ងៃអាទិត្យនេះ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅក្នុងទីក្រុង Tel Aviv និងនៅទូទាំងភាគកណ្ដាលប្រទេសអ៉ីស្រាអែល ជំរុញមនុស្សម្នារត់រកកន្លែងមានសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានឱ្យដឹងថាបន្ទាប់ពីស៊ីរ៉ែនបន្លឺសំឡេងមួយសន្ទុះនៅភាគកណ្ដាលប្រទេស មីស៊ីលមួយគ្រាប់ត្រូវបានកំណត់គោលដៅថាបានហោះឆ្លងព្រំដែនចូលទៅកាន់ ភាគកណ្ដាលអ៉ីស្រាអែល ដោយបាញ់ចេញពីភាគខាងកើត និងបានធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅ។ គ្មានមនុស្សណាម្នាក់រងរបួសឡើយ រីឯសំឡេងផ្ទុះក៏ត្រូវបានរាយការណ៍ផងដែរ ខណៈយោធាអ៉ីស្រាអែលថាសំឡេងផ្ទុះនេះមានប្រភពចេញពីមីស៊ីលបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស។
គួរបញ្ជាក់ថា កាលពីខែកក្កដា ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ក៏បានបាញ់ដ្រូនរយៈចម្ងាយឆ្ងាយមួយគ្រឿងតម្រង់រកទីក្រុង Tel Aviv ផងដែរ ដោយបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និង៤នាក់ ផ្សេងទៀតរងរបួស។ ការវាយប្រហារនេះ បានជំរុញឱ្យអ៉ីស្រាអែលធ្វើការសងសឹក តាមរយៈការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធារបស់ក្រុមហ៊ូទី ស្ថិតនៅក្បែរ ទីក្រុងកំពង់ផែ Hodeidah សម្លាប់មនុស្ស ៣នាក់ និង៨៧នាក់រងរបួស៕

អត្ថបទដែលជាប់ទាក់ទង